(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ ដោយដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿងនៅយប់ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចយើង កំពុងជិះល្បាតក្នុងភូមិសាស្ត្រ ដោយបានសហការនិងកម្លាំងនគរបាលមូលដ្ឋានតាមប៉ុស្ដិ៍ព្រែកលៀប ខណៈនោះស្រាប់តែបានប្រទះឃើញបក្ខពួកត្រូវសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿង សមត្ថកិច្ចយើងក៏ឃាត់សួរនាំ និងត្រួតពិនិត្យជាបន្តបន្ទាប់បានរកឃើញថ្នាំញៀន ជាប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ដែលក្រុមទាំងនេះបានរក្សាទុកនៅ និងខ្លួនដើម្បីយកទៅធ្វើសកម្មភាពប្រើប្រាស់ជាមួយគ្នា។ លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនត្រូវឃាត់ខ្លួន៖ ទី១-ឈ្មោះ លាភ រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខ របរលក់ដូរ ស្នាក់នៅ កំចាយមា ឃុំក្រញ៊ូង ស្រុកកំចាយមា ខេត្តព្រៃវែង ទី២-ឈ្មោះ វី ធី ភេទប្រុស អាយុ២៨ឆ្នាំ មាន មុខរបរកសិករ ស្នាក់នៅ ផ្លូវលំ ភូមិកងជ័យ ឃុំកងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងទី៣-ឈ្មោះ អ៉ឹម សុខា ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរសន្តិសុខ ស្នាក់នៅ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងទី៤-ឈ្មោះ ឌិន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ មាន មុខរបររត់តុ ស្នាក់នៅ ភូមិទីដែក ឃុំទីដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
បច្ចប្បន្ន ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទាំង៤នាក់ ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធី៕