(ស្ទឹងត្រែង)៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង និងជាអនុប្រធានគណៈកម្មការរៀបចំសន្និបាត នៃរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការ សម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។ គោលបំណងក្នុងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកាគណៈកម្មការនីមួយៗ ដើម្បីឲ្យអង្គសន្និបាតអាចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

លោក ញ៉ែម សារី បានគូសបញ្ជាក់ថា ការប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្ទឹងត្រែង គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់ បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធី នយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ម៉្យាងទៀតដើម្បីទាក់ទាញយកនូវការ សន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តសិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនា ឆ្នាំខាងមុខ។ ពិធីសន្និបាតនេះ ដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្ត បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកា អនុគណៈកម្មការទាំងអស់ នឹងខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យសន្និបាតដំណើរការប្រកបដោយជោគជ័យ៕