(ភំ្នពេញ)៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក Mr. Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា ដើម្បីសម្តែងការគួរសម និង​ពិភាក្សាការងារលើការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកឯកអគ្គរដ្ឋទូត​ប៉ាគី​ស្ថាន និងគណៈប្រតិភូ។ លោករដ្ឋមន្ត្រី បានជម្រាបជូនថា ទំហំពាណិជ្ជកម្មទ្វេភាគី​មាន​ទំហំ​តិចតួចនៅឡើយ ប៉ុន្តែប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើន ដើម្បីធ្វើឱ្យរីក​ចម្រើន​ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនថា ក្រៅពីកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀង RCEP ដែលកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួម (CEPA) ទើបតែត្រូវបានប្រកាសពីការបញ្ចប់ការចរចា។ ដូច្នេះវិនិយោគិនប៉ាគីស្ថាន​អាចមក​បណ្តាក់​ទុននៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពី FTA ទាំងនេះ ដើម្បីលើកកម្ពស់ការនាំចេញ។

ដោយទទួលស្គាល់ថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ជាពិសេសតាមរយៈ​សភា​ពាណិជ្ជ​កម្មនៃប្រទេសទាំងពីរ ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរី ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាស ដើម្បីជំរុញកំណើន​សេ​ដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ, លោករដ្ឋមន្ត្រី បានស្នើឱ្យស្វែងរកពីលទ្ធភាព​ក្នុងការពង្រឹង​កំណើននៃពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយលើកទឹកចិត្តសភាពាណិជ្ជកម្ម សមា​គម​​ធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយគ្នា ដើម្បី​ពង្រីកឱកាសបណ្តាញអាជីវកម្ម តាមរយៈកិច្ចសន្ទនា B2B រួមទាំង ការផ្គូផ្គងពាណិជ្ជកម្ម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ ដែលមានបំណងស្វែងយល់ឱ្យកាន់តែ​ច្បាស់​ពី​តម្រូវ​ការទីផ្សារនាំចេញ និងជំរុញការបណ្តាក់ទុនអាជីវកម្មរួមគ្នា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានស្នើសុំលោកឯកអគ្គរដ្ឋទូត ជួយជំរុញវិស័យឯកជន​ពី​ប្រទេសប៉ាគីស្ថាន មកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជាក្នុង​វិស័យឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ ជាពិសេសអាហារហាឡាល(Halal) ដើម្បីបម្រើទីផ្សារក្នុងស្រុក និង នាំចេញ និងចង់ឱ្យមានជើងហោះហើរត្រង់ពីប៉ាគីស្ថានមកកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងការវិនិ​យោគ​នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរ និងថ្លែងកោតសរសើរ ចំពោះ​ការជោគជ័យដ៏ត្រចះត្រចង់ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២។ លោកឯកអគ្គរាជទូត បានជម្រាបជូនថា ប៉ាគីស្ថានមានវិស័យសក្តានុពលមួយចំនួន ដូចជា វាយនភណ្ឌ ថ្មម៉ាប ជាដើម ហើយប៉ាគីស្ថានបាននាំចូលប្រេងដូងយ៉ាងច្រើន​ពីប្រទេស​ម៉ាឡេ​ស៊ី និងឥណ្ឌូនេស៊ី និងនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម។ បន្ថែមពីលើនេះ ប៉ាគី​ស្ថាន អាចមានលទ្ធភាណផ្តល់ជំនួយបច្ចេកទេសក្នុងការចិញ្ចឹមសត្វ បើកម្ពុជា​មាន​តម្រូវការ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោកឯកអគ្គរដ្ឋទូត បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាព​បង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីជំរុញ​កិច្ច​សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតថា ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួន​រួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត និងមន្ត្រីការទូត​ប៉ាគី​ស្ថាន សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេចបាននូវសមិទ្ធិផល​ដែល​ប្រទេស​ទាំងពីរចង់បាន។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕