(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានថ្លែងទៅកាន់នាយទាហាន ពលទាហានជិត១០០០នាក់ នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ដោយសង្កត់ធ្ងន់ថា «ទាហាន គឺជាខ្ញុំបំរើរបស់ប្រជាជន រស់នៅកន្លែងណាត្រូវធ្វើតែទង្វើល្អជួយប្រជាជន»។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង យ៉ាងដូច្នេះធ្វើឡើយក្នុងឱកាសដែលលោកធ្វើ ជាតំណាងនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃខ.ភ.ម អញ្ជើញកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៦ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន ជូននាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានជំរុញនិងលើកទឹកចិត្ត ដល់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ត្រូវយកចិត្តទុកដាក់បង្កើនវិធានការគ្រប់គ្រង ថែរក្សាសម្ភារៈបរិក្ខារ សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗ ឱ្យបានល្អ ។ ទាហាន គឺជាខ្ញុំបំរើរបស់ប្រជាជន រស់នៅកន្លែងណាត្រូវធ្វើតែទង្វើល្អ ជួយប្រជាជន ទើបមានការអាណិតស្រឡាញ់ ពីប្រជាជននៅជុំវិញកន្លែងឈរជើងរបស់យើង។ យកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ខិតខំថែទាំសុខភាពកងទ័ព ជំរុញឱ្យកងទ័ពត្រូវធ្វើអត្តសញ្ញាណប័ណ្ណស៊ីវិលឱ្យបានគ្រប់ៗគ្នា។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងនូវការកោតសរសើរ ដល់បញ្ជាការដ្ឋានកាំភ្លើងធំ នៃកងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចខិតខំកសាង និងអភិវឌ្ឍអង្គភាព ឱ្យបានរៀបរយ និងរីកចម្រើន ព្រមទាំងបានបំពេញភារកិច្ចជាច្រើនទៀត ជាពិសេស បានធ្វើពលិកម្មប្រកបដោយវីរភាព អង់អាចក្លាហាន ហានបូជាជីវិតក្នុងបុព្វហេតុ នៃកិច្ចកាពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដី នៃមាតុភូមិយើង ឲ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានគោលមាគ៌ានយោបាយត្រឹមត្រូវ ទាំងនយោបាយក្នុងប្រទេសនិង នយោបាយក្រៅប្រទេស ដោយដើរទន្ទឹមនឹងការយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះវិស័យការពារជាតិ។ លើសពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទំនុកបម្រុងគ្រប់បែបយ៉ាង ដល់កងយោធពលខេមរភូមិន្ទ ដែលជាកត្តាចលករ ផ្តល់នូវកម្លាំងចិត្តយ៉ាងមុតស្រួចដល់កងទ័ព ក្នុងការបំពេញតួនាទីភារកិច្ចការពារបូរណភាពទឹកដី ការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ ថែរក្សាសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ ជូនសង្គមជាតិ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានជំរុញនាយទាហាន ពលទាហាន បន្តកសាង និងពង្រឹងប្រព័ន្ធការពារជាតិឱ្យបានរឹងមាំ រៀបចំផែនការយុទ្ធសាស្ត្រ ការពារជាតិយូរអង្វែង ថែទាំប្រព័ន្ធការពារ ខិតខំបណ្តុះបណ្តាល កសាងកម្លាំង និងពង្រឹងគុណភាពកងទ័ព ដើម្បីធានារ៉ាប់រងភារកិច្ចដ៏ធំធេង នៃកិច្ចការពារជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ រៀបចំនាយទាហានវ័យក្មេង ឱ្យបានត្រឹមត្រូវតាមជំនាញ ដើម្បីទទួលបាននូវបទពិសោធន៍ និងត្រៀមខ្លួនជាបណ្តើរៗ សម្រាប់បន្តវេនពីរៀមច្បង។ យកចិត្តទុកដាក់សហការល្អ ជាមួយកងកម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី សំដៅកសាងតំបន់ព្រំដែនមួយឱ្យក្លាយ ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍន៍។
លើសពីនេះទៅទៀតនោះ នាយឧត្តមសេនីយ៍ បានជំរុញបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន សហការជាមួយអាជ្ញាធរដែនដី និងបណ្តាស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់បទល្មើសនានា ជាពិសេស ទប់ស្កាត់ឱ្យបានយ៉ាងដាច់ខាត នូវនិន្នាការបង្កអស្ថិរភាពដល់សង្គមជាតិ បង្កចលាចល ឬ សកម្មភាពណាមួយដែលមានចរិក ចង់បំផ្លិចបំផ្លាញសន្តិភាព យើងត្រូវតំចាត់ចោលភ្លាម ពីព្រោះថាសន្តិភាព គឺជាកត្តាចម្បងបំផុត ដែលនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក៏បាននាំយកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអគ្គមេបញ្ជាការ ឧបត្ថម្ភដល់សិក្ខាកាមបញ្ជាការដ្ឋានកាំភ្លើងធំ ៧៨០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៣ម៉ឺនរៀល និងទឹកសុទ្ធ២០០កេស ទឹកក្រូច៥០កេស ស្រាបៀរ១០០កេស និងថវិកា២០លានរៀល៕