(កំពង់ស្ពឺ)៖ លោក ប៊ុន សម្បត្តិ នាយផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងអារឈើ លួចលាក់ដែលរងការចោទប្រជាពលរដ្ឋ ក្នុងមូលដ្ឋានថា ជាកន្លែងដុះស្លែយូរឆ្នាំតែមិនមានការបង្រ្កាប។ លោក ប៊ុន សម្បត្តិ បានឲ្យដឹងថា «កម្លាំងយើងបានចុះជាបន្ទាន់ដល់ទីតាំងអារឈើ ដែលលួចលាក់ និងបានរកឃើញដែករ៉ៃរណាយន្ត ឈើដុលចំនួន០២ដុល ដែលពួកគេបានលើករត់មិនទាន់»។
នាយផ្នែករូបនេះ បាននិយាយទៀតថា ម្ចាស់ទីតាំងក្រោយពីបានលើកម៉ាស៊ីនរត់ ហើយថែមទាំងបានយកឈើមួយចំនួនលាក់ ហើយកម្លាំងយើងបានស្វែងរក ដោយឡែកសម្ភារដែលនៅសេសសល់ យើងបាននាំយកមករក្សាទុកនៅសង្កាត់មេព្រៃបរសេដ្ឋ។ សូមរំលឹកថា រោងម៉ាស៊ីនអារឈើប្រភេទរណាបញ្ឈមួយកន្លែង រងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ មានទីតាំងស្ថិតនៅភូមិព្រៃខ្លា ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយរោងម៉ាស៊ីននេះ បានដឹកឈើទាំងមូលៗ រាប់រយកំណាត់យកទៅអារជាក្តារយ៉ាងគគ្លើន សម្រាប់លក់នៅទីផ្សារ តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកបរសេដ្ឋ និងមន្រ្តីសមត្ថកិច្ចផ្សេងៗមួយចំនួនទៀត បែរជានាំគ្នាបិទភ្នែកមិនចាត់វិធានការអ្វីសោះ ដែលម្ចាស់រោងម៉ាស៊ីននេះ ជាមន្រ្តីជំទប់ឃុំទៀត។ យោងតាមការផ្ដល់ដំណឹងពីប្រជាពលរដ្ឋ ជាអ្នករស់នៅមូលដ្ឋាននោះ បានឱ្យដឹងថា ឈ្មោះ លី ជា សមាជិកក្រុមប្រឹក្សាឃុំនេះ បានបើករោងអារឈើ ជាយូរមកហើយ ហើយជាញឹកញាប់តែងតែឃើញមានមនុស្សចេញចូលរៀងរាល់ថ្ងៃ ដោយមានរថយន្ត មានម៉ូតូ ដែលមើលទៅទំនងជាមកយកលាភសក្ការៈ ពីម្ចាស់រោងម៉ាស៊ីននេះ។
ពលរដ្ឋបានបន្តថា «ម្ចាស់រោងម៉ាស៊ីន ឈ្មោះ លី តែងតែក្អេងក្អាង ថាគេមិនខ្លាចនណាទេ ពីព្រោះគេបានបោះទន់ចាយលុយដល់សមត្ថកិច្ចអស់ហើយ ដូចនេះគ្មាននរណាហ៊ានប៉ះពាល់គាត់នោះទេ»។ ប្រជាពលរដ្ឋបានលើកឡើងថា មន្ត្រីសង្កាត់រដ្ឋបាលឈើស្រុកបរសេដ្ឋ មិនគួរណាបណ្តែតបណ្តោយឲ្យមានបទល្មើស នៅកណ្តាលវាលបែបនេះទេ ហើយម្ចាស់រោងម៉ាស៊ីនរូបនេះ ត្រូវបានគេដឹងថា បានរកស៊ីដុះស្លែរាប់ឆ្នាំមកហើយ និងត្រូវបានគេដឹងថា រត់ការបង់លុយគ្រប់ជំនាញរាល់ខែ ទើបទីតាំងនេះមិនមានអ្នកណាចុះបង្ក្រាបបាននោះទេ ជាពិសេសមន្រ្តីជំនាញនៅទីនោះផ្ទាល់តែម្តង។ ក្រោយមានផ្សព្វផ្សាយបែបនេះ កម្លាំងជំនាញដែលដឹកនាំដោយលោក ប៊ុន សម្បត្តិ ជានាយផ្នែកដុតដៃដុតជើងបង្ក្រាប និងបានណែនាំដល់មន្រ្តីសង្កាត់ព្រៃឈើទាំងអស់បន្តយកចិត្តទុកដាក់បង្ក្រាប កុំឲ្យកើតមានដូចករណីខាងលើនេះទៀត ៕