(ភ្នំពេញ)៖ សភាកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តលេខ 2023 / 2589 (RSP) របស់សភាអឺរ៉ុប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលបង្ហាញពីការមិនគោរពរបស់សភាអឺរ៉ុប មកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋសភា បានគូសបញ្ជាក់ថា «យើងសូមច្រានចោលសេចក្តីសម្រេចចិត្តខាងលើនេះ ដែលមានខ្លឹមសាររំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើសិទ្ធិអធិបតេយ្យរបស់រដ្ឋជាសមាជិកមួយនៃអង្គការសហប្រជាជាតិ។ ដោយយោងលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងទិដ្ឋភាពច្បាប់រួមទាំងបទប្បញ្ញត្តិជាតិជាធរមានទាំងឡាយ ជាពិសេសក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ យើងសូមបញ្ជាក់សារជាថ្មីម្តងទៀតនូវជំហរស្របគ្នាជាមួយនឹងការឆ្លើយតប និងសេចក្តីថ្លែងការណ៍ទាំងឡាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា រួមទាំងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា «ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយឧក្រិដ្ឋកម្មមិនអាចកែតម្រូវដើម្បីបុព្វហេតុផ្សេងនោះទេ»។

ជាមួយគ្នានេះដែរ រដ្ឋសភា បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងឡាយ ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តនេះ ហើយក៏សូមបរិហាទៅលើទង្វើរបស់ក្រុមសមាជិកសភាឆ្វេងនិយម នៃសភាអឺរ៉ុបមួយចំនួន ចំពោះការបំពាន នយោបាយ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋតូចជាង និងទន់ខ្សោយជាងដោយមើលរំលងទាំងស្រុងនូវគុណតម្លៃនៃលិទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋ ដែលកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់។

រដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ៗថា យើងបានសង្កេតដោយយកចិត្តទុកដាក់យ៉ាងខ្លាំងថា សភាអឺរ៉ុប ជាពិសេសក្រុមអ្នកនយោបាយឆ្វេងនិយមជ្រុល បាននិងកំពុងបំពងសម្លេង ក្នុងការយកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃមកធ្វើនយោបាយទោះបីជាត្រូវលះបង់សន្តិភាពស្ថិរភាព ភាពសុខដុមរមនាសង្គម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម របស់ប្រទេសនោះក៏ដោយ។ ទោះបីជាមិនអាចទទួលយកបាននូវទង្វើជាន់ឈ្លីទាំងនេះក៏ដោយ ក៏យើងនៅតែសម្តែងនូវការដឹងគុណចំពោះសភាអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងប្រជាជនអឺរ៉ុប សម្រាប់ការគាំទ្រដល់ ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ១៩។

រដ្ឋសភា បានបន្ថែមថា យើងផ្តល់តម្លៃលើមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រ កម្ពុជា និងសហភាពអឺរ៉ុប ដែលបានរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលកសាងផ្អែកលើសសរស្តម្ភនៃភាពជាដៃគូស្មើភាព និងអធិបតេយ្យស្មើភាព។ យើងសូមរំលឹកឡើងវិញផងដែរ នូវតួនាទីស្ថាបនារបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ពហុភាគីនិយម និងនីតិរដ្ឋ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងលទ្ធផលដ៏ប្រពៃនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ក្នុងឆ្នាំ២០២១ និងកិច្ចសន្ទនាលើកទី២ រវាងសភាអឺរ៉ុប និងអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងពេលមហាសន្និបាត AIPA លើកទី៤៣ នៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ផ្អែកលើមូលដ្ឋាននេះ យើងសូមទទូចឱ្យសមាជិកសភាអឺរ៉ុបទាំងអស់ ដែលមកពីក្រុមផ្សេងៗគ្នា ខិតខំប្រឹងប្រែងលើកកម្ពស់នូវកិច្ចសន្ទនាស្មោះត្រង់ បើកចំហរ និងបរិយាប័ន្នជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីបុព្វហេតុនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម៕