(កំពង់ធំ)៖ ឆ្លើយតបតាមសំណូមពរ របស់ព្រះគ្រូចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្តត្រែង និងប្រជាពលរដ្ឋភូមិស្លារ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំនោះ លោក ជា ចាន់តូ ប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងលោកស្រី បានផ្តល់នូវផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែ១៥០០ម៉ែត្រ។ ផ្លូវមួយខ្សែនេះ បាននិងកំពុងសាងសង់ជិតរួចហើយ ព្រមទាំងដាក់ឲ្យដំណើរការ នាពេលឆាប់ៗខាងមុខនេះ។
កាលពីប៉ុន្មានថ្ងៃមុននេះ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ចុះទៅពិនិត្យមើលការដ្ឋានដោយផ្ទាល់ ដោយជំរុញឲ្យក្រុមបច្ចេកទេស ជួសជុលផ្លូវបង្កើនការងារ ដើម្បីបង្ហើយដាក់ឲ្យប្រើប្រាស់ជាផ្លូវជូនព្រះសង្ឃ និងប្រជាពលរដ្ឋនៅតំបន់នោះ។ នៅក្នុងឱកាសនោះលោក គង់ វិមាន បានថ្លែងថា «ប្រជាពលរដ្ឋ និងព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បានសប្បាយព្រះទ័យគ្រប់គ្នា និងកាន់តែមានទំនុកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ដោះស្រាយក្តីកង្វល់ និងសំណូមពរប្រជាពលរដ្ឋបានទាន់ពេលវេលា»។
លោកអភិបាលរងខេត្តកំពង់ធំរូបនេះ បានលើកឡើងថា ក្រោយផ្លូវក្រាលគ្រួស មួយខ្សែនេះត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាពេលខាងមុខនេះ ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ នៅក្នុងភូមិអាចនិមន្ត និងធ្វើដំណើរបានយ៉ាងស្រួល រហ័សជាងមុន កាត់បន្ថយពេលវេលា ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋនៅតំបន់នេះតែម្តង។ លោក គង់ វិមាន បានថ្លែងទៀតថា ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជា ចាន់តូ ព្រមទាំងលោកស្រី និងក្រុមការងារទាំងអស់ ដែលបានចាត់តាំងឲ្យថ្នាក់ដឹកនាំខេត្ត ចុះមកជួយដោះស្រាយបញ្ហាប្រឈម របស់ពួកគាត់ទាន់ពេលវេលា នៅពេលដែលមានផ្លូវលំបាកយ៉ាងដូច្នេះ។
ជាមួយគ្នានេះ លោកបានទទូចឲ្យ ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាផ្លូវមួយនេះឲ្យបានគង់វង្ស មិនត្រូវដឹកទំនិញលើសទម្ងន់នោះឡើយ នាំឲ្យបំផ្លាញផ្លូវ និងត្រូវរួមគ្នាទប់ស្កាត់ចំពោះបញ្ហាមួយនេះផងដែរ៕