(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានយល់ឃើញថា ការប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ (ផ្កាយ៤) ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាពិតជាស័ក្តិសមបំផុតទៅនឹងគុណសម្បត្តិរបស់លោក។
ក្នុងសារលិខិតអបអរសាទរផ្ញើជូននាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត, លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានគូសរំលេចថា «ការប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិដ៏ថ្លៃថ្លានេះ គឺពិតជាសក្តិសមបំផុតទៅនឹងគុណសម្បត្តិរបស់ឯកឧត្តមបណ្ឌិត ជាយុវឥស្សរជនខ្មែរ ជាអ្នកបន្តវេនប្រកបដោយគុណធម៌ដ៏ប្រពៃ សមត្ថភាពខ្ពស់ សក្ដានុពលបរិបូរណ៍ ឆន្ទៈស្នេហាជាតិមោះមុត ព្រមទាំងបាននិងកំពុងលះបង់នូវកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីចូលរួមអភិវឌ្ឍជាតិមាតុភូមិ។ ជាពិសេសការពង្រឹងខឿនការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមគន្លងធម៌ដ៏មហាវិសេសវិសាលរបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីជាបិតា ជាទីគោរពស្រឡាញ់បំផុត»។
ក្នុងលិខិតនោះប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្ដែងនូវការអបអរសាទរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទសបារមីនវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ប្រោសប្រទានសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនលោកបណ្ឌិត និង ភរិយា ព្រមទាំងបុត្រាបុត្រី បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាពេលកន្លងទៅ មានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក «ផ្កាយ៣»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាកូនខ្មែរដំបូងគេ បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។
លោកបណ្ឌិត ក៏ជាបញ្ញវន្តបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ លោកបណ្ឌិត ក៏ត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគតផងដែរ។
ការប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលនេះ ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋទូទៅ៕