(កំពង់ស្ពឺ)៖ លោក សុខ ភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជំរុញឲ្យសមាជិក ស មាជិកាគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមយុវជនត្រូវប្រកាន់ជំហររឹងប៉ឹង និង រួមគ្នាថែរក្សាសន្តិភាព និងការពារសមិទ្ធផល ដែលកម្ពុជាមាននាពេលបច្ចុប្បន្នឲ្យបានគង់វង្ស។
លោក សុខ ភា បានថ្លែងដូច្នេះ ក្នុងពេលដែលរូបលោកចូលរួមប្រារព្ធពិធីអបអរសាទរខួប ៦៥ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់។
លោក សុខ ភា បានថ្លែងថា សន្តិភាព និង សមិទ្ធផល ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺរកបានមកដោយលំបាក ក្រោមការដឹក នាំតស៊ូបូជាអស់កម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតីរបស់ឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល។ លោកបន្តថា សន្តិភាព ដែលរកបានក្រោយពីមានសង្រ្គាមអស់ជាច្រើនទសវត្សរ៍ បានលះបង់នូវសាច់ស្រស់ឈាមស្រស់ និងការពលីរបស់អ្នកតស៊ូរបស់យុទ្ធជនខ្មែរជាច្រើនរូប។
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ លោក សុខ ភា បានថ្លែងទទូចទៅដល់សមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជាថា «សមាជិកសាមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសយុវជន ដែលជាឆ្នឹងខ្នង និងបេះដួងរបស់គណបក្សត្រូវប្រ កាន់គោលជំហររឹងមាំ និងចូលរួមឲ្យបានសកម្ម និង ផុសផុលថែមទៀត ក្នុងការថែរក្សាសុខសន្តិភាព និងសមិទ្ធិផលទាំងអស់ ដែលបងប្អួនបានចូលរួមបង្កើតឡើងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»។
នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីការជួបសំណេះសំណាល ដើម្បីអបអរសាទរថ្ងៃកំណើតបក្សហើយនោះ លោក សុខ ភា ក៏បានជួនថវិកាដល់និវត្តន៍ជនចំនួន ២០រូប និងចូលរួមដាំដើមសាកូរ៉ាចំនួន ៦៥ដើម ជាមួយសកម្មជនគណបក្សទាំងអស់ ដើម្បីជានិម្មិតរូបខួបអនុស្សាវរីយ៍ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៤១-២៨ មិថុនា ២០១៦) ៕