(ភ្នំពេញ)៖ ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ខូ អិលធីឌី ( Golden FX Link) ត្រូវបានប្រកាសជាក្រុមហ៊ុន ដំបូងគេបង្អស់ ដែលបានទទួលអាជ្ញាប័ណ្ណ ជាក្រុមហ៊ុនសមភាគីកណ្ដាល និងអាជ្ញាប័ណ្ណឈ្មួញជើងសារ ឧបករណ៍និស្សន្ទ (អាជ្ញាប័ណ្ណលេខៈ០០១) ដែលប្រគល់ជូនដោយផ្ទាល់ពី លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សមិទ្ធិផលនេះ ធ្វើឲ្យហ្គោលដេន អេហ្វអិកស៍ លីង ឈរលើតួនាទីក្នងការរួមចំណែក ក្នុងទីផ្សារហិរញ្ញវត្ថុ កម្ពុជាជាបន្តបន្ទាប់ជាពិសេស ក្នុងការជួញដូរជាក់ស្ដែង និងតាមប្រព័ន្ធអេឡិចត្រូនិក នៃលោហៈធាតុមានតម្លៃ រូបិយប័ណ្ណបរទេស និងផលិតផលឧបករណ៍និស្សន្ទ។ ការរួមចំណែកនេះនឹងអនុញ្ញាតឲ្យ អ្នកវិនិយោគមានជម្រើសច្រើន ក្នុងការវិនិយោគ ហើយនឹងជួយការពារ និងបង្កើនទ្រព្យ។
លោកស្រី ឆាយ លក្ខិណា អគ្គនាយកនៃក្រុមហ៊ុន Golden FX Link បានថ្លែងក្នុងពីធីទទួលអជ្ញាប័ណ្ណដែលរៀបចំឡើយនៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ថា «នេះគឺជាពេលវេលាដ៏មានន័យបំផុត ក្នុងប្រវត្តិសាស្រ្តនៃវិស័យហិរញ្ញវត្ថុកម្ពុជា ដែលអាជ្ញាប័ណ្ណឈ្មួញជើងសារ ឧបករណ៍និស្សន្ទដំបូងគេ ត្រូវបានផ្ដល់ជូនហ្គោលដេន អេហ្វអិកស៍ លីង។ ជាមួយនឹងចក្ខុវិស័យគៀងគរ ទៅរកការជួញដូរ ឧបករណ៍និស្សន្ទ ជាលក្ខណៈអន្តរជាតិក្រុមហ៊ុន មានទំនួលខុសត្រូវលើការសហការជាមួយ គណៈកម្មការមូលប័ត្រកម្ពុជា ដើម្បីបង្កើតគំរូជួញដូរឧបករណ៍និស្សន្ទ ស្របច្បាប់មួយដែលរួមចំណែក ក្នុងការនាំភាពរីកចម្រើន មកកម្ពុជា»។
លោក Lawrence Kook Luk Lung នាយកនៃ Golden FX Link «អាជ្ញាប័ណ្ណទាំងនេះ មិនត្រឹមតែផ្ដល់សិទ្ធិអនុញ្ញាតឲ្យ Golden FX Link ប្រកបអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាបេសកកម្មមួយ ក្នុងការបង្កើតស្ដង់ដាអន្តរជាតិ សម្រាប់ទីផ្សារហិរញ្ញវត្ថុកម្ពុជា។ នាពេលអនាគត ផលិតផលហិរញ្ញវត្ថុជាច្រើនផ្សេងទៀត នឹងបង្កើតភាពរីកចម្រើន និងតម្លាភាពពេញលេញក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ លើសពីនេះទៀត យើងខ្ញុំមើលឃើញខ្លួនឯង ប្រៀប ដូចជាអ្នកតំណាងនៃប្រទេសកម្ពុជា ដែលដើរតួនាទីដ៏សំខាន់ ក្នុងការនាំយកសេវាកម្មទៅកាន់ប្រទេស ជិតខាង ដូចជាវៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ ហើយដូចគ្នាដែរ យើងនឹងនាំយកការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់ ប្រទេសទាំងអស់ នៃប្រជាជាតិអាស៊ីអាគ្នេយ៍»។
លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានជំនឿថា ការប្រគល់អាជ្ញាប័ណ្ណសមភាគី កណ្ដាលនិងអាជ្ញាប័ណ្ណឈ្មួញ ជើងសារឧបករណ៍និស្សន្ទដំបូងគេ ជាការបើកទំព័រថ្មីមួយជាប្រវត្តិសាស្រ្តនៃសេដ្ឋកិច្ចកម្ពុជា។
ក្រុមហ៊ុន Golden FX Link គឺជាក្រុមហ៊ុនផ្ដល់សេវាកម្ម វិនិយោគហិរញ្ញវត្ថុដ៍លេចធ្លោ មួយដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ ហើយផ្ដល់ វេទិកាវិនិយោគតាមប្រព័ន្ធ អនឡាញដែលគួរឲ្យជឿជាក់ និងសុវត្ថិភាពបំផុតសម្រាប់លោហៈធាតុមានតម្លៃ រូបិយប័ណ្ណនិងផលិតផល ឧបករណ៍និស្សន្ទផ្សេងទៀត៕