(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧០ ឈានចូល៧១ឆ្នាំ នាខែមីនា ឆ្នាំ២០២៣នេះ។

តាមរយៈសារលិខិត សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «នៅក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ខ្ញុំនិងភរិយា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្ដម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជំរុញឱ្យមានការរៀបចំកែលម្អទីក្រុង និងតំបន់ជនបទ ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងរក្សាបាននូវគុណភាពបរិស្ថាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍតំបន់ទីប្រជុំជនឱ្យក្លាយជាទីក្រុងដែលមានសក្តានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងចីរភាពស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។

ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ បវរសួស្តី សិរីជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានជន្មាយុ យឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕