(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានបង្ហាញរបាយការណ៍នៃលទ្ធផលការងារ សម្រាប់ដំណាក់កាលទី២ របស់ក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីទាំង២៧ក្រុម ដែលបានរកឃើញទីតាំងជម្លោះផ្សេងៗ និងករណីជម្លោះចំនួន៨៣ករណីទូទៅ១៩រាជធានី-ខេត្ត ព្រមទាំងបានជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋចប់សព្វគ្រប់ និងត្រៀមបន្តទៅដំណាក់កាលថ្មីទៀត។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាក់ពីលទ្ធផលរបស់ក្រុមការងារទាំង២៧ក្រុម ដែលបានស្រង់ចំនួនកម្មវត្ថុនៃបណ្ដឹង, ទីតាំងនៃជម្លោះ និងមធ្យោបាយទំនាក់ទំនង របស់មាជិកបង្គោលតាមក្រុមនីមួយៗ ក្នុងដំណាក់កាលទី២នេះ រួមមាន៖ រាជធានីភ្នំពេញ ក្រចេះ កំពង់ស្ពឺ ស្ទឹងត្រែង កោះកុង ត្បូងឃ្មុំ សៀមរាប ព្រះសីហនុ កំពង់ឆ្នាំង ព្រះវិហារ កណ្ដាល កំពង់ចាម ពោធិ៍សាត់ កែប កំពង់ធំ កំពត បន្ទាយមានជ័យ បាត់ដំបង និងព្រៃវែង។
ក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីទាំង២៧ខាងលើនេះ ត្រូវបានរៀបចំដោយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ បង្កើតឡើង ដើម្បីចុះទៅដោះស្រាយជម្លោះដីធ្លី ដែលបាននិងកំពុងកើតឡើង និងនៅសេសសល់នៅទូទាំងប្រទេស ហើយសម្រាប់ក្រុមនីមួយៗមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាម្នាក់ជាប្រធាន ព្រមទាំងសមាជិក៣នាក់ ដែលជាមន្រ្តីនៅក្នុងក្រសួងសរុប១០៨នាក់។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក៏បានចេញរបាយកាណ៍លទ្ធផលការងារលើកដំបូងរបស់ក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីទាំង២៧ក្រុម ដែលបានចុះប្រមូលរឿងទំនាស់ដីធ្លីនៅទូទាំង២៥រាជធានី-ខេត្ត ហើយបានរកឃើញជម្លោះដីធ្លី ដែលកើតឡើងនៅក្នុងរាជធានី-ខេត្ត ចំនួន១៩ផងដែរ៕