(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានជួបជាមួយបុរសអ្នកលក់ចេក នៅខេត្តកោះកុងហើយ រួមទាំងផ្តល់ថវិកា២លានរៀលដល់រូបគាត់ផងដែរ។ បុរសម្នាក់នេះ ត្រូវអាជ្ញាធររុះរើចេករបស់គាត់ចេញពីរថយន្ត បណ្តាលឱ្យខូចខាតអស់មួយចំនួនកន្លងមក។
ជំនួបរវាង កញ្ញា ធី សុវណ្ណថា ជាមួយបុរសលក់ចេកខាងលើនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពី កញ្ញា ធី សុវណ្ណថា យុវតីដែលកំពុងមានប្រជាប្រិយភាពលើបណ្តាញសង្គម Facebook ប្រកាសថា នាងនឹងទិញចេកទាំង២ពាន់ស្និតពីបុរសខាងលើ ដើម្បីជាការលើកទឹកចិត្តជូនគាត់ ក្រោយពេលដែលរងការរុះរើចេក បណ្តាលឱ្យខូចពីសំណាក់អាជ្ញាធរ។
កញ្ញា ធី សុវណ្ណថា បានសរសេរនៅលើទំព័រ Facebook ផ្លូវការរបស់នាង នៅថ្ងៃទី០៦ ខែកក្កដានេះថា «ខ្ញុំផ្តល់មូលនិធិ ២លានរៀល ជូនម្ចាស់ឡានដឹកចេក ដែលរងគ្រោះដោយអាជ្ញាធរចាប់ឡាន (ស្នងការខេត្តកោះកុង ក៏បានផ្តល់សំណង៣លានរៀល រួចហើយ)»។
សូមបញ្ជាក់ថា កាលពីម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ ហើយចុះរុះរើចេករបស់ឈ្មោះ សុខ រតនា ហៅវិត អាយុ២៦ឆ្នាំ ចេញពីរថយន្ត នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់ព្រំប្រទល់ស្រុកវាលវែង ខេត្តពោធិសាត់ បន្ទាប់ពីសង្ស័យថាបង្កប់ដឹកឈើ ប៉ុន្តែក្រោយរុះរើរួចសមត្ថកិច្ចពុំបានរកឃើញឈើនោះទេ ប៉ុន្តែផ្ទុយទៅវិញ ចេកដែលរុះរើនោះ ត្រូវបានទម្លាក់មកដី ដែលមួយចំនួនត្រូវខូចខាតមិនអាចយកទៅលក់ នៅលើទីផ្សារបាន៕