(ភ្នំពេញ)៖ កិច្ចប្រជុំអន្តរក្រសួងក្នុងការត្រួតពិនិត្យលើសេចក្ដីព្រាងចំនួន២ ដែលជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្តៅធ្វើយ៉ាងណាទប់ស្កាត់និងកាត់បន្ថយអំពើរំលោភបំពានលើពលកម្មកុមារ ក្នុងប្រទេសកម្ពុជា និងដើម្បីការពារសិទ្ធិរបស់កុមារ ឱ្យបានគ្រប់ជ្រុងជ្រោយ ស្របទៅតាមបទប្បញ្ញត្តិនៃអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
សេចក្ដីព្រាងទាំង២នោះ រួមមាន៖ ទី១.សេចក្ដីព្រាងផែនការសកម្មភាពជាតិកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ សម្រាប់ឆ្នាំ២០១៦-២០២៥ និងទី២.សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដែលសេចក្ដីព្រាងទាំង២នេះ នឹងត្រូវដាក់ជូនរាជរដ្ឋាភិបាលត្រួតពិនិត្យបន្ថែម បន្ទាប់ពិភាក្សាក្នុងកិច្ចប្រជុំនេះចប់សព្វគ្រប់ ដើម្បីត្រៀមបញ្ជូនទៅសភាជាតិ ធ្វើការត្រួតពិនិត្យ និងអនុម័តបន្តទៀត។
នាឱកាសនេះ លោក អ៉ិត សំហេង បានលើកឡើងថា កន្លងមក ក្រុមការងាររបស់ក្រសួងនានាបានធ្វើការអប់រំ ផ្សព្វផ្សាយអំពីអ្វីទៅដែលហៅថា ពលកម្មកុមារ និងបានរៀបចំលិខិតបទដ្ឋានគតិយុត្តមួយចំនួន បន្ទាប់ពីអនុសញ្ញាអន្តរជាតិ ជាពិសេសគឺប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទាក់ទងទៅនឹងបញ្ហាកុមារនៅកម្ពុជា។ លើសពីនេះ រាជរដ្ឋាភបាល បានដាក់ខ្លឹមសារជាច្រើនទៅក្នុងច្បាប់ស្ដីពីការងារ គឺត្រង់ចំណុចការងាររបស់ស្រ្តី និងកុមារ ហើយក្រសួងការងារ ក៏បានបង្កើតនាយកដ្ឋានកុមារមួយ ដើម្បីអនុវត្តយន្តការនេះ។ ដោយឡែកនៅក្នុងក្របខណ្ឌរួម គឺក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏មានគណៈកម្មការមួយ ដែលដឹកនាំដោយក្រសួងការងារ ក្នុងការចាត់ចែង និងអនុវត្តការលុបបំបាត់ការរំលោភបំពានលើពលកម្មកុមារផងដែរ។
លោករដ្ឋមន្រ្តីបានបន្ថែមថា «បញ្ហាពលកម្មកុមារ មិនមែនជាប្រធានបទផ្នែកសង្គមតែមុខប៉ុណ្ណោះទេ តែវាជាផ្នែកមួយដ៏សំខាន់នៃបញ្ហាសេដ្ឋកិច្ចផងដែរ មានន័យថា ការផលិត និងការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិធំៗ មានសហរដ្ឋអាមេរិក និងសហគមអឺរ៉ុប គឺរាជរដ្ឋាភិបាលបានដាក់លក្ខខណ្ឌថា មិនមានការប្រើប្រាស់កម្លាំងពលកម្មកុមារទេ ដូចជានៅតាមរោងចក្រ សហគ្រាស ជាពិសេសផែនការនេះ មិនត្រឹមតែបានពង្រីកក្នុងផ្នែកឧស្សាហកម្មទេ ថែមទាំងបានពង្រីកទៅក្នុងផ្នែកកសិ-ឧស្សាហកម្ម ទៀតផងដែរ»។
សូមជម្រាបថា វិទ្យាស្ថានជាតិនៃក្រសួងផែនការ បានបង្ហាញពីស្ថានភាពពលកម្មកុមាររបស់ខ្លួន ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៣ ដោយបានបញ្ជាក់ថា ចំនួនពលកម្មកុមារបានធ្លាក់ចុះជិតពាក់ពី៧៥០,០០០នាក់ នៅឆ្នាំ១៩៩៩ មកត្រឹម៤២៩,៣៨០នាក់ នៅឆ្នាំ២០១២ ឯទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ បានថយចុះជាង១០ភាគរយ៕