(អវកាស)៖ វាជាអំណះអំណាងក្រោយពីការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ នៅរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្តីពីភាពពិត និងឥទ្ធិពលដោយចំពោះ នៃភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ជាពិសេសគឺភពព្រហស្បតិ៍នោះឯង ដែលពេលនេះយានអវកាស Juno កំពុងតែបំពេញបេសកកម្មដ៏ប្រថុយប្រថាន ដើម្បីស្រង់យកទិន្នន័យពីមហាយក្សនៃឧស្ម័ននេះ។ នេះបើតាមការលើកឡើងរបស់អង្គការ NASA អំឡុងពេលនៃបេសកកម្មរបស់ Juno នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦។
អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្ររកឃើញជាច្រើនឆ្នាំមកនេះ គឺភពព្រហស្បតិ៍ ដែលជាភពទី០៥ នៅក្នុងប្រព័ន្ធព្រះអាទិត្យ បានបោសសម្អាតអាចម៍ផ្កាយ ឬវត្ថុអវកាសធំៗមួយចំនួនដែលមានមុខព្រួយសំដៅមកផែនដី ឬភពដទៃទៀតដែលនៅ ក្នុងខ្សែក្រវ៉ាត់អាចម៍ផ្កាយ (តំបន់ក្នុង នៃប្រព័ន្ធព្រះអាទិត្យ)។ បើគ្មានដែនម៉ាញេទិច ឬកម្លាំងរុញច្រានដ៏ខ្លាំងអស្ចារ្យ របស់ភពព្រហស្បតិ៍នោះទេ អាចម៍ផ្កាយទាំងនោះនឹងធ្វើគោចរចូលមកគន្លង ខាងក្នុងតំបន់នៃប្រព័ន្ធព្រះអាទិត្យក្នុង ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់ភពផែនដី និង ភពផ្សេងទៀតដូចជា ភពអង្គារ ឬ សុក្រ ជាដើមនៅរយៈពេលយ៉ាងហោចណាស់ ២០០,០០០ឆ្នាំម្តង។
យើងក៏អាចនិយាយបានថា ប្រសិនបើគ្មានភពព្រហស្បតិ៍នោះទេ នោះភពផែនដីប្រាកដជាគ្មានជីវិតកកើតឡើងបាន នោះដែរ ព្រោះជីវិតត្រូវការពេលវេលារាប់លានឆ្នាំ ដើម្បីធ្វើការវិវត្តពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះការសិក្សា អំពីភពព្រហស្បតិ៍បន្ថែមទៀត វាជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុត នឹងត្រូវបានចារទុកយ៉ាងច្បាស់នៅក្នុង ប្រវត្តិសាស្ត្រនៃវិស័យអវកាស និងវិទ្យាសាស្ត្រអន្តរជាតិ ដើម្បី ឲ្យជីវិតជំនាន់ក្រោយៗនៅលើផែនដី បានដឹងពីវត្ថុដ៏ធំអស្ចារ្យមួយដែលមានគុណធំធេងមកលើ ជីវិតនៅលើផែនដីយើងនេះ បន្ទាប់ពីព្រះអាទិត្យ។
សូមជំរាបថា នៅទីបំផុតយានអវកាស Juno ដែលបានចំណាយពេលជិត ៥ឆ្នាំ (ចេញដំណើរពីផែនដីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ទៅដល់ភពព្រហស្បតិ៍ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦) ទើបធ្វើដំណើរទៅដល់ភពព្រហស្បតិ៍ ដ៏សែនគ្រោះថ្នាក់នោះ បានសម្រុកចូលគន្លងគោចរ ដែលមានរយៈកម្ពស់ ៥,០០០ គីឡូម៉ែត្រ ពីផ្ទៃស្រទាប់លើរបស់ ភពព្រហស្បតិ៍បានសម្រេចហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ដែលបាននិងកំពុងតាមដានយ៉ាងលម្អិត ទៅលើលទ្ធផល នៃបេសកកម្មរបស់ NASA រហូតមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ៕