(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចអាយុក្រោម ១៦ឆ្នាំរបស់កម្ពុជា (U-16) នឹងធ្វើការប្រកួតមិត្តភាពជាលក្ខណៈ មិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិ U-16 មីយ៉ាន់ម៉ា (ភូមា) នាម៉ោង ៧៖០០នាទីយប់ថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកផ្ទាល់តែម្តង ក្រោមតម្លៃសំបុត្រ២ប្រភេទ ១ម៉ឹនរៀលក្រោមដំបូល និង ៥ពាន់ រៀល នៅក្រៅដំបូល។ មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV សម្រាប់ប្រកួតរាត្រីនេះ។
ការប្រកួតកម្តៅសាច់នេះដែរ ត្រូវបានធ្វើឡើងក្នុងនាមក្រុមទាំងពីរត្រៀមចូលរួមប្រកួតពានរង្វាន់អាស៊ាន AFF U-16 Championship 2016 ដែលមានកម្ពុជា ធ្វើម្ចាស់ផ្ទះចាប់ផ្តើមពីថ្ងៃទី១០-២៣ ខែកក្កដាដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ផងដែរថា នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិលើកទី៧ របស់ក្រុម U-16 កម្ពុជា អំឡុងពេលប្រមូលផ្ដុំហ្វឹក ហាត់ត្រៀមធ្វើម្ចាស់ផ្ទះ ក្រោមលទ្ធផល ៦ប្រកួតកន្លងមករួមមាន ប្រកួត ៣លើក នៅពេលហ្វឹកហាត់នៅវៀតណាម ឈ្នះ១ ស្មើ១ និងចាញ់១ដូចគ្នា។ បន្ទាប់មកហ្វឹកហាត់នៅថៃ ប្រកួត៣លើក ឈ្នះ២ និងចាញ់១ ពិសេសគឺបានយកឈ្នះ U-16 ថៃ ដែលជាក្រុមជើងឯកពាន AFF U-16 Championship ឆ្នាំ២០១៥ ទៀតផង។
សម្រាប់កម្មវិធីប្រកួតពានរង្វាន់ AFF U-16 Championship 2016 នេះ U-16 មីយ៉ាន់ម៉ា គឺស្ថិតក្នុងពូល A ជាមួក្រុមអូស្ដ្រាលី, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន។ ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមការពារតំណែងជើងឯកថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ៕