(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា ជួយវិទ្យាល័យទួលអំពិល រៀបចំក្រាលឥដ្ឋក្នុងទីធ្លាជុំវិញស្រះទឹក និងដងទង់ជាតិ និងរៀបចំទីលានបាល់ទះ និងបាល់បោះក្នុងបរិវេនសាលា។
ពិធីក្រុងពលីចាប់ផ្តើមការសាងសង់ បានប្រារព្ធឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងបរិវេនវិទ្យាល័យទួលអំពិល តាមបណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក កែវ តេង នាយកវិទ្យាល័យទួលអំពិល បានឲ្យដឹងថា កន្លងមកគ្មានក្រុមហ៊ុនឯកជនណាមួយ ជួយសាលាលោកឡើយ ហើយការជួយរបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរីនេះ ពិតជាបានសម្រួលការលំបាករបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើន។ លោកបន្ដថា «បីឆ្នាំមកហើយ ដែលសាលាមិនអាចប្រារព្ធពិធីបើកបវេសនកាល ដោយសារសិស្សានុសិស្សគ្មានកន្លែង ឈរតម្រង់ជួរដើម្បីគោរពទង់ជាតិ បើនៅខែភ្លៀងម្តងៗ ទឹកលិចផង ភក់ផង ធ្វើឲ្យទាំងគ្រូ ទាំងសិស្សពិបាកធ្វើដំណើរណាស់»។
លោក គង់ ចាន់ណារ៉ា គ្រូកីឡានៅវិទ្យាល័យទួលអំពិល បានលើកឡើងថា «រាល់ឆ្នាំនៅខែមករា ក្រសួងអប់រំតែងរៀបចំការប្រកួតបាល់ទះ រវាងវិទ្យាល័យក្នុងភ្នំពេញ តែសិស្សលោកគ្រូហ្វឹកហាត់មិនសូវបានគ្រប់គ្រាន់ដោយសារទីលានបាល់ មានទឹកលិច ជួនកាលលិចទឹករហូតដល់ដើមខែធ្នូរក៏មាន ហើយនៅពេលអស់ទឹកយើងត្រូវចាំប្រហែលពីរអាទិត្យទៀតទំរាំដីស្ងួត ទើបយើងអាចហ្វឹកហាត់បានហើយ ពេលតារាងធ្វើហើយ ខ្ញុំនិងសិស្សពិតជាសប្បាយចិត្តណាស់ ព្រោះសិស្សអាចហ្វឹកហាត់បានគ្រប់ពេល»។
អ្នកគ្រូ រូបវិទ្យា និងគណិតវិទ្យា សាត កុសល នៃវិទ្យាល័យទួលអំពិលមានបានឲ្យដឹងថា «បរិវេណសាលានេះ កាលពីមុនជាស្រែ ជាត្រពាំង ដីជម្រៅ ដូច្នេះជួបការលំបាកក្នុងការលិចទឹក តែពេលនេះក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានជួយពួកខ្ញុំ ពួកខ្ញុំសូមអរគុណ អរគុណរកអ្វីនិយាយពុំបាន ហើយធ្វើឲ្យបរិស្ថានសាលាយើងមានការវិវឌ្ឍ ប្តូរមុខមាត់អញ្ចឹងពួកខ្ញុំសប្បាយចិត្តណាស់ ទាំងសិស្សទាំងគ្រូសប្បាយរកលេខដាក់គ្មាន»។
សិស្សថ្នាក់ទី១២ ម៉ាន់ មរកត បានត្អូញត្អែរអំពីការលំបាកដែលសិស្សានុសិស្សបានប្រឈមកន្លងមកថា «ឲ្យតែរដូវវស្សាសាលាប្រឈមនឹងការលិចទឹក ហើយសិស្សានុសិស្សត្រូវលុយទឹកមករៀន។ នៅក្នុងថ្នាក់ទៀតសោតក៏សើម លិចទឹក ងងឹត និងមានមូសខាំ ដែលបង្ករការលំបាកដល់ការសិក្សា តែពេលនេះខ្ញុំសប្បាយចិត្តពេលឃើញសាលាចាប់ផ្តើមអភិវឌ្ឍអញ្ចឹង ព្រោះបើខ្ញុំប្រឡងចប់ទៅ ក៏នឹង ឃើញប្អូនៗជំនាន់ក្រោយទៀតងាយស្រួល ហើយការសិក្សានឹងប្រសើរឡើង»។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងនៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានឲ្យដឹងថា «ដោយសារក្រុមហ៊ុនមើលឃើញភាពខ្វះខាតរបស់សាលា ដែលបង្ករការលំបាកដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទើបក្រុមហ៊ុនសម្រេចជួយឧបត្ថម្ភការកែលម្អនេះ ហើយការជួយនេះគឺជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ហើយនេះមិនមែនលើកទី១ទេ ដែលក្រុមហ៊ុនបានកែលម្អសាលាក្នុងរាជធានីភ្នំពេញ។ ខ្ញុំសង្ឃឹមថា វិភាគទាននេះ អាចសម្រួលដល់ការបង្រៀន និងការសិក្សាមួយកម្រិត»។
គួររម្លឹកថា ក្រៅពីវិទ្យាល័យទួលអំពិល ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត បានជួយកែលម្អបរិវេណបឋមសិក្សា និងអនុវិទ្យាល័យដង្កោ និងវិទ្យាល័យជាស៊ីមសាមគ្គី និងសកម្មភាពមនុស្សធម៌យ៉ាងច្រើនទៀត៕