(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលីវើ ជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ ឈានមុខគេ បានបរិច្ចាគផលិតផល Signal ដែលជាម៉ាកយីហោថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ឈានមុខគេមួយនៅកម្ពុជា ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលនេះជាសកម្មភាពមួយផ្នែកទៀត នៃយុទ្ធនាការអបអរទិវា សុខភាពមាត់ធ្មេញពិភពលោក ដើម្បីលើកកម្ពស់ពីការយល់ដឹង ស្ដីពីសុខភាពមាត់ធ្មេញ ។
ក្រុមហ៊ុនយូនីលីវើបានឲ្យដឹងថា ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ Signal ប្រមាណជាង៤៣០០០ឈុត គិតជាទឹកប្រាក់ជិត៦ម៉ឺនដុល្លារអាមេរិក ត្រូវបានបរិច្ចាក ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីចែកបន្តដោយឥតគិតថ្លៃដល់អ្នកជំងឺដែលបានមកពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យនោះ ក៏ដូចជាចែកជូនសហគមន៍ ជនបទនៅក្នុង ខេត្តសៀមរាប អំឡុងពេលចុះផ្សព្វផ្សាយអប់រំសុខភាពមាត់ធ្មេញ ។
កញ្ញា សយ ម៉ូនីកា ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកកិច្ចការទំនាក់ទំនង នៃក្រុមហ៊ុនយូនីលីវើ ដែលចែកចាយថ្នាំ និងច្រាសដុសធ្មេញ Signal នៅកម្ពុជា បានឲ្យដឹងថា «ការពិតទៅការបរិច្ចាគថ្នាំដុសធ្មេញSignal ទៅមន្ទីរពេទ្យកុមារអង្គរក៏ជាផ្នែកមួយនៃ ការប្រារព្ធទិវាសុខភាពមាត់ធ្មេញពិភពលោក ដែលក្រុមហ៊ុនយូនីលីវើ បានសហការជាមួយនឹងក្រសួងសុខាភិបាលព្រមទាំងសមាគមទន្តពេទ្យកម្ពុជា ។ក្រុមហ៊ុន ក៏ដូចជាថ្នាំដុសធ្មេញស៊ីកណល សង្ឃឹមថាយើងជាផ្នែកមួយ ដ៏សំខាន់ក្នុងការកាត់បន្ថយបញ្ហាសុខភាពមាត់ធ្មេញ ជាពិសេសបញ្ហាដង្កូវស៊ីធ្មេញរបស់កុមារកម្ពុជា»។
លោក លឹម ណារ៉េត ប្រធានផ្នែកសុខភាពមាត់ធ្មេញ នៃមន្ទីរពេទ្យកុមារអង្គរបានថ្លែងថា «ចំពោះជំនួយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនយូនីលីវើ ដែលមានថ្នាំដុសធ្មេញ Signal ហើយនិងច្រាសដុសធ្មេញ Deep Clean នេះ យើងនឹងយកទៅចែកជូនកុមារ ទីមួយ យើងយកទៅចែកជូនកុមារដែលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ កុមារអង្គរជារៀងរាល់ថ្ងៃ ,ទីពីរ យើងយកចែកដល់កុមារនៅតាមសហគមន៍ ដោយយើងបានសហការជាមួយកម្មវិធីកសាងសមត្ថភាព និងអប់រំសុខភាពសហគមន៍ យើងធ្វើការជាមួយនឹងកុមារជាង ២ម៉ឺននាក់នៅក្នុងសហគមន៍ ដែលមានរហូតដល់ ៧៦សាលាបឋមសិក្សា ហើយនិងប្រជាជនគោលដៅចំនួន ១ម៉ឺននាក់ផ្សេងទៀតនៅក្នុងស្រុកប្រតិបត្តិសូទ្រនិគម» ។
ស្របពេលជាមួយគ្នានេះ ក្រុមការងាររបស់ Signal ដោយសហការជាមួយនឹងគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ ក៏បានចុះអប់រំអំពីបញ្ហាមាត់ធ្មេញ ដល់កុមារនៅទីជនបទ និងបង្រៀនពួកគាត់អំពីររបៀបថែរក្សាមាត់ធ្មេញឲ្យបានត្រឹមត្រូវផងដែរ ។
អ្នកស្រី មាស សុទីន ជាទន្តពេទ្យម្នាក់ដែលបានចូលរួមក្នុងសកម្មភាពនេះបានលើកឡើងថា «ខ្ញុំចង់ឲ្យប្រជាជននៅតាមសហគមន៍យល់ដឹងផ្នែកសុខភាព មាត់ធ្មេញ ព្រោះធម្មតានៅតាមសហគមន៍របស់យើង ប្រជាជនភាគច្រើនគាត់មានការចេះដឹងមានកម្រិត ដូច្នេះយើងត្រូវតែអប់រំដើម្បីឲ្យគាត់ដឹង ហើយអ្នកខ្លះគាត់ដុសធ្មេញ តែគាត់ដុសទៅតាមរបៀបគាត់ចេះពីម៉ាក់ប៉ាគាត់ នៅពេលយើងប្រាប់ពីរបៀបដុសធ្មេញទៅ វាជួយឲ្យធ្មេញរបស់គាត់មានសុខភាពល្អ ហើយវាជួយកាត់បន្ថយជំងឺពុកធ្មេញ របស់ពួកគាត់ផង»។
គួរបញ្ជាក់ថា កន្លងមកនៅក្នុងផ្នែកមួយនៃយុទ្ធនាការអប់រំសុខភាពមាត់ធ្មេញ ក្រុមការងារស៊ីកណល និងទន្តពេទ្យស្ម័គ្រចិត្តក៏បានចុះអប់រំអំពីសុខភាពមាត់ធ្មេញ និងចែកចាយផលិតផលស៊ីកណលដល់សិស្សានុសិស្សប្រមាណជាង ៧៨០០០នាក់ មកពីសាលាបឋមសិក្សាចំនួន ២៦០សាលាក្នុងខេត្តក្រុងចំនួន១៥ ទូទាំងប្រទេស ។ហើយក្រុមហ៊ុនយូនីលីវើ និងស៊ីកណលបានឲ្យដឹងថា នេះជាឆ្នាំទីពីរហើយ ដែលក្រុមហ៊ុនបានរៀបចំយុទ្ធនាការអបអរទិវាសុខភាពមាត់ធ្មេញពិភពលោកនេះឡើង នៅកម្ពុជានេះ ។ ក្រៅពីនេះ ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ស៊ីកណលក៏មានជាការៀបចំ ការប្រកួតប្រជែងរៀបចំតាំងបង្ហាញ ផលិតផលក្នុងចំណោម អាជីវករនាក្នុងទីក្រុងភ្នំពេញផងដែរ ៕