(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកង​ទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ លើកឡើងថា ការហ្វឹកហ្វឺនកងទ័ព គឺជាកំណែទម្រង់​ដែលលោកពេញចិត្តបំផុត។ ការហ្វឹកហ្វឺននេះ បានបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របតាមការវិវឌ្ឍប្រែប្រួលនៃសភាពការណ៍។

ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៤ ជំនាញឆត្រ​បញ្ជាជំនាន់ទី៦ ជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព​ជើង​គោកនាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេច​បាន​នូវ​សមិទ្ធផលជាច្រើនមកហើយ។ ប៉ុន្តែកំណែទម្រង់លើការហ្វឹកហ្វឺនកងទ័ព គឺជាកំណែទម្រង់ដែលលោកពេញចិត្តបំផុត។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយទាហានដ៏មានប្រជាប្រិយភាព បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺន ដើម្បីគោលបំណងធំពីរ គឺ៖ ទី១. បង្កើនសមត្ថភាព និងប្រសិទ្ធភាព​ឆ្លើយតប​ចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍ និងទី២. ការ​ធានា​ភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាព​ឆ្លើយតបរបស់​កង​ទ័ព។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កំណែទម្រង់ហ្វឹកហ្វឺននេះ ការបង្កើតសាលាបម្រើដល់ការហ្វឹកហ្វឺន គឺជារឿងសំខាន់ណាស់។ និយាយដល់ចំណុចនេះ លោកក៏បានបង្ហាញមោទនភាពចំពោះការបង្កើតសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានទ័ពពិសេស ព្រោះលោកបានចូលរួមចំណែកបង្កើតឡើង។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ទៀតថា បន្ថែមពីលើការបង្កើតសាលាហ្វឹកហ្វឺនហើយនោះ ក៏បានកែសម្រួលបទដ្ឋានគតិយុត្តិ ដោយបានកែប្រែពីអង្គភាពហ្វឹកហ្វឺន ចំណុះឱ្យទ័ពពិសេសកងពល៩១១ ទៅជាសាលា​ហ្វឹក​ហ្វឺន ហើយចេញក្របខណ្ឌយោធាចារ្យច្បាស់លាស់។ លើសពីនេះទៀត គឺការបង្កើនមូលដ្ឋានសម្រាប់ហ្វឹកហ្វឺន ប្រែពីមូលដ្ឋានខ្ចីដីគេលោត ខ្ចីដីគេហាត់ ទៅជាមានមូលដ្ឋានរឹងមាំ មានច្បាប់ច្បាស់លាស់។

សម្រាប់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ការចូលរួមចំណែកធ្វើកំណែទម្រង់លើការហ្វឹកហ្វឺននេះ គឺជាមោទនភាពមួយរបស់លោក ក្នុងនាមជានាយទាហ៊ានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ៕