(រាជធានីរីយ៉ាដ)៖ ការបំផ្ទុះគ្រាប់បែកអត្តឃាត បានធ្វើឡើងនៅក្បែរទ្វាររបងរបស់ទីសក្ការៈនៃក្រុមអ្នកប្រតិបត្តិសាសនាអ៉ីស្លាម នៅទូទាំងពិភពលោក ក្នុងទីក្រុង Medina នៃប្រទេសអារ៉ាប៊ី សាអូឌីត បាននាំឲ្យសហគមន៍ម៉ូស្លីមទូទាំងពិភពលោក កើតទុក្ខមិនសុខចិត្ត និងបានប្រកាសរួមគ្នាថ្កោលទោសចំពោះក្រុម តាលីបង់ និង ហេសបូឡាហ៍ ដែលស្ថិត នៅពីក្រោយការវាយប្រហារនោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាមនុស្ស ០៤នាក់បានស្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតព្រះវិហាររបស់ព្យាការី ដែលប្រជាជន ម៉ូស្លីមនៅ អារ៉ាប៊ី សាអូឌីត កំពុងតែរៀបចំត្រៀមសម្រាប់ថ្ងៃចុងបញ្ចប់នៃពិធីបុណ្យរ៉ាម៉ាដាន ដ៏បរិសុទ្ធរបស់ សាសនិក អ៊ីស្លាមទូទៅ។ សហគមន៍ម៉ូស្លីម នៅទូទាំងសកលលោក បានអំពាវនាវឲ្យប្រទេស អារ៉ាប៊ី សាអូឌីត ធ្វើការការពារ ដល់ទីបុរាណស្ថាន របស់សាសនិកអ៊ីស្លាមប្រកបដោយសុវត្ថិភាព។
ជុំវិញបញ្ហានេះដែរអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Ned Price បានថ្លែងថា «បើទោះបីជា ការស៊ើបអង្កេតលើករណីនៃការវាយប្រហារ នៅអារ៉ាប៊ី សាអូឌីត ទើបតែចាប់ផ្តើមបានបន្តិចក៏ដោយ ក៏វាបាន បង្ហាញយ៉ាងច្បាស់ថា ចេតនានៃការបង្កអំពើភេរវកម្មបែបនេះ គឺដើម្បីឲ្យយើងមានការបែកបាក់គ្នា ប្រកបដោយ ភាពភ័យខ្លាច»។ ដោយឡែកលោក បាន គីមូន ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការវាយប្រហារ នៅ អារ៉ាប៊ី សាអូឌីត កាលពីដើមសប្តាហ៍នេះផងដែរ៕