(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកម្មវិធីបំពាក់ឯកសណ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន២០០នាក់ មកពី៣គ្រឹះស្ថាន គឺសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សាកលវិទ្យាល័យវ៉េសស្ទើន និងវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក្រោមអធិបតីភាពលោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកគណៈកម្មការ កណ្តាលកាកបាទក្រហមកម្ពុជា លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានកិតិ្តយសក្លឹបសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោក តែ ឡូរិន ជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហម នៃសាកលវិទ្យាល័យ វ៉េសស្ទើន រួមទាំងមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាក្នុងរាជធានីភ្នំពេញ។
លោកបណ្ឌិត ឌួង លាង បានកោតសរសើរចំពោះប្អូនៗក្មួយៗទាំងអស់ ដែលជាសមាជិកសមាជិកា យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលមានឆន្ទៈមុះមុត ក្នុងការចូលរួមដោយស្ម័គ្រចិត្តចំពោះសកម្មភាពមនុស្សធម៌ តាមគោលការណ៍គ្រឹះដ៏រឹងមាំ និងត្រឹមត្រូវដោយមិនគិតពីការលំបាកនឿយហត់សោះឡើយ ស្ថិតនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែចាត់ទុកសកម្មភាពមនុស្សធម៌នេះ ជាបេះដូងដក់ជាប់នៅក្នុងដួងចិត្ត មិនចេះរីងស្ងួតឡើយ។
លោកបន្ដថា «ខ្ញុំសូមផ្តល់នូវគំនិតល្អៗ ដែលជាបទពិសោធន៍ក្នុងការងារប្រចាំថ្ងៃ ក៏ដូចជាក្នុងជីវិតរបស់មនុស្សម្នាក់ៗ ដែលកើតមកជាមនុស្សហើយត្រូវចេះតស៊ូប្រឹងប្រែងព្យាយាម ដើម្បីជោគជ័យក្នុងជីវិតសំដៅទទួលបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរដែលសង្គមគេទទួលស្គាល់ និងគោរពរាប់អាន»។
លោកសង្កត់ធ្ងន់ថា គ្រប់សកម្មភាពការងារទាំងអស់ត្រូវ ប្រកបដោយមនសិការវិជ្ជាជីវៈ រួមទាំងក្រមសីលធម៌ សុជីវធម៌គុណធម៌ ដែលជាគ្រឿងលម្អរបស់ មនុស្សគ្រប់ៗរូបហើយ មិនអាចសាបសូន្យបានឡើយ។សូមប្អូនៗកុំជឿពាក្យឃោសនាញុះញង់អកុសល នាំឱ្យសៅហ្មងក្នុងចិត្តបណ្តាលឱ្យប៉ះពាល់ ដល់ការងារក៏ដូចជាប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើងផងដែរ។
លោកបណ្ឌិត បន្ថែមទៀតថា សូមក្រើនរំលឹកដល់ប្អូនៗយុវជនទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ក៏ដូចជាស្ថាប័នដៃគូពាក់ព័ន្ធឱ្យ បានល្អរឹងមំាថែមទៀត ដើម្បីចូលរួមលើកកម្ពស់ការងារក៏ដូចជាសកមុ្មមភាពមនុស្សធម៌ ដែលប្អូនៗបានចុះទៅបំពេញភារកិច្ចជាក់ស្តែង នៅតាមបណ្តាមូលដ្ឋាននានាជូន ដល់ជនរងគ្រោះនិងជនងាយរងគ្រោះដែលជាភារកិច្ចចំពោះមុខរបស់យុវជនកាកបាទក្រហមកម្ពុជា។
លោក ពិត ចំណាន ក៏បានមានមតិសំណេះសំណាល និងពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្ញើនូវសេចក្តីនឹករលឹក និងយកចិត្តទុកដាក់ខ្ពស់ចំពោះក្មួយៗ ដែលជាយុវជនកាកបាទកម្ពុជាទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ ។
លោកបានបន្តទៀតថា ការងារទាំងអស់មិនចេះសាបសូន្យទេ មានតែមនុស្សទេដែលសាបសូន្យ ព្រោះមនុស្សនោះមិនចេះឆក់ឱកាស ឆ្លៀតឱកាសចូលរួមការងារ ក្នុងគ្រួសារ ក្នុងអង្គភាព ក៏ដូចជាក្នុងសង្គមជាតិផងដែរ ដោយខ្លាចនឿយហត់ទីបំផុត ផលលំបាកទាំងនោះ នឹងធ្លាក់មកលើខ្លួនឯងវិញជាពុំខាន។ លោកបានរំលឹកដល់ប្អូនៗបន្ថែមទៀតថា ចូលធ្វើខ្លួនឱ្យទៅជាយុវជនគំរូ ប្រកបដោយគុណធម៌ ដ៏មានតម្លៃនៅក្នុងសង្គមជាតិនោះ គឺយើងបានធ្វើដំណើរមកដល់គោលដៅជីវិត ប្រកបដោយជោគជ័យហើយ៕