(លីយ៉ុង)៖ ជាប្រវត្តិសាស្រ្តហើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Euro 2016 នៅប្រទេសបារាំង គិតចាប់តាំងពីឆ្នាំ១៩៥៨មក ដោយត្រូវជួបក្រុមវ័យចំណាស់ ព័រទុយហ្គាល់ លើកទី១ ផងដែរក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះ។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថ្ងៃនេះថា ប្រជាជននៃប្រទេសវ៉េល ប្រមាណជាង ៣.៥លាននាក់ ត្រៀមទស្សនា ការប្រកួតដ៏កម្រសម្រាប់ក្រុមដែលស្ថិតក្នុងចក្រភពអង់គ្លេសមួយនេះ នៅតាមទូរទស្សន៍ជាតិរបស់ខ្លួន និងព្រះអង្គម្ចាស់ ក៏បានផ្ញើសារជូនពរផងដែរថា «សូមទទួលបានជោគជ័យ វាពិតជាមហាសំណាងខ្លាំងណាស់ ដែលវ៉េលបានឈានមក ដល់វគ្គ៤ក្រុមចុងក្រោយនេះ ជាប្រវត្តិសាស្រ្ត។ ខ្ញុំជឿជាក់ថា ពួកគេពិតជាមានសំណាងអាចយកឈ្នះព័រទុយហ្គល់ ហើយអ្នករាល់គ្នានៅទីនេះ រង់ចាំទទួលអបអរសាទរទាំងអស់គ្នា»។
ទាំងវ៉េល និងព័រទុយហ្គាល់ ពុំធ្លាប់មានប្រវត្តិជួបគ្នាពីមុនមកនោះទេ តែក្រុមមួយនេះបានកំពុងតែឈរនៅចំណាត់ថ្នាក់ លេខ២៦ បណ្តោះអាសន្នក្នុងតារាងពិភពលោក FIFA តាំងពីលេខរៀងទី១១៧ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិវ៉េល Chris Coleman ក្រោយខកខានរយៈពេល៥៨ឆ្នាំ ចាប់តាំងពីបានចាញ់ប្រេស៊ីល ១-០ ក្នុង World Cup មក ដែលនឹងត្រូវប្រជែងទល់នឹងក្រុមឈរ នៅលេខរៀងទី៨ នៃ FIFA World Ranking ព័រទុយហ្គាល់ នៅក្នុងពហុកីឡដ្ឋាន Stade des Lumieres ស្ថិតក្នុងទីក្រុង Lyon ម៉ោង២រំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ដើម្បីប្រជែងយកកៅអីវគ្គផ្តាច់ព្រ័ត្រ ដោយមានម្ចាស់ផ្ទះបារាំង ត្រូវប្រជែងជាមួយអាល្លឺម៉ង់ ម៉ោងដូចគ្នាយប់ស្អែក បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតារាឆ្នើមមកពីក្លឹបតែ១ Real Madrid របស់អេស្ប៉ាញ Cristiano Ronaldo ប្រធាន ក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវប្រឈមមុខដាក់គ្នាជាមួយ Gareth Bale ប្រធានក្រុមវ៉េល ដោយពុំមានវត្តមានមិត្តរួមក្រុមខ្សែបម្រើ Aaron Ramsey និងខ្សែការពារ Ben Davies ឡើយ ដោយសារតែជាប់បម្រាម តាំងពីប្រកួតឈ្នះ ប៊ែលហ្ស៊ិក ៣-១ ក្នុងវគ្គ៨ក្រុម៕