(ភ្នំពេញ)៖ ...ទូងឆាំងៗ..! ទ្រលូងទូងៗ..ៗ..!.. យើងខ្ញុំជាពុទ្ធបរិស័ទចំណុះឲ្យគណបក្សនយោបាយ បានរួមគ្នាធ្វើបុណ្យផ្កា ឪមហាសាមគ្គី...ដូច្នេះសូមញាតិញោមជួយចាប់មគ្គផលទៅតាមសទ្ធាជ្រះថ្លា..តែចូលបុណ្យតិចមិនបានបុណ្យទេណា បើចូលបុណ្យច្រើនទើបបានបុណ្យ...ព្រោះយើងខ្ញុំមិនមែនធ្វើបុណ្យតាមពុទ្ធសាសនាយកបច្ច័យទៅកសាងវត្ត កសាងសាលា និង កសាងសម្បត្តិសាធារណៈ... ទេណា គឺធ្វើបុណ្យផ្កាយកបច្ច័យទៅជួយគណបក្សនយោបាយ ឬជួយស្ត្រីមេម៉ាយដ៏អស្ចារ្យ...!។
នាយខ្វៃ៖ ស្អីគេអាខ្វែក.! វាមិនដែលអាណាគេធ្វើបុណ្យផ្កាយកដុល្លារទៅជួយបក្ស ជួយស្រីមេម៉ាយស្អី! អញធ្លាប់តែធ្វើបុណ្យយកបច្ច័យទៅកសាងវត្ត កសាងសាលា កសាងផ្លូវ។ល។ ប្រគេនបច្ច័យដល់ព្រះសង្ឃ ឬយ៉ាងហោចណាស់ ក៏ដាក់ទានដល់ចាស់ៗ និង ជនក្រីក្រដែរ ទើបវាបានបុណ្យ ដល់តែអ្ហែងប្រកាសធ្វើបុណ្យបែរជាប្រមូលបច្ច័យទៅជួយបក្ស ជួយស្ត្រីមេម៉ាយទៅវិញ តិចថែមជួយកាស៊ីណូ ជួយមីអូនៗ នៅតាមហាងកាត់សក់ម៉ាស្សា តាមខារ៉ាអូខេទៀតទៅ អាណាគេទៅចូលបុណ្យអ្ហែងនោះ.! បើចង់ជួយបក្សមែន អញធ្លាប់តែឃើញគេបង្កើតមូនិធិ រៀបចំរាត្រីសមោសរ ឬកម្មវិធីរៃអង្គាសជាដើម ដល់តែអ្ហែងធ្វើបុណ្យផ្ការៃលុយជួយបក្ស ពេលបក្សយកលុយបច្ច័យទៅប្រើប្រាស់ជាមធ្យោបាយជេរគេ ជេរឯងប៉ាតណាប៉ាតណី អ្នកចូលបុណ្យវាមិនរួមចំណែកបាបទៅហើយទេអី!
នាយខ្វែក៖ អញមិនដឹងដែរអាខ្វៃ.! តែមានមិត្តភក្ដិអញគេពឹងឲ្យជួយផ្សព្វផ្សាយប្រកូកប្រកាស ក្រែងលោមានអ្នកចូលបច្ច័យបានច្រើនគេឲ្យកុំម្មុយស្យុង ៣០ភាគរយក៏ចេះតែប្រកូកប្រកាសទៅ ៣០ភាគរយដែររកឯណាបាន សូម្បីតែយកពាណិជ្ជកម្មឲ្យកាសែត ផ្សាយយ៉ាងច្រើនគេឲ្យ១០-២០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែបុណ្យផ្កាដែលមិត្តភក្ដិនាយខ្វែក ពឹងឲ្យទូងស្គរ វាយឃ្មោះរកអ្នកចូលបច្ច័យនេះ ដូចទំនងរបស់គេដែរ ព្រោះជាបុណ្យផ្កាតាមបែបទំនើបសម័យអ៉ិនធឺណិត សម័យហ្វេសប៊ុក ដោយសារតែអ្នកចូលបុណ្យ នឹងត្រូវម្ចាស់ដើមបុណ្យឲ្យពរសុទ្ធតែតាម Skype សូម្បីតែប្រោសព្រំទឹកមន្តពរជ័យ ក៏ទំនងគេប្រើសុទ្ធតែកូទឹកសមុទ្រប្រោះព្រំឯណោះ ព្រោះតែបុណ្យផ្កាជួយបក្ស ម្ចាស់ដើមបុណ្យ និងអ្នកចូលបុណ្យនៅឯនាយមហាសមុទ្រម្ខាងម្នាក់ មិនអាចឲ្យពរ និង ប្រោះព្រំទឹកមន្តដោយផ្ទាល់បានទេ។ អាខ្វៃឯងដឹងទេ អាក្លើ ដែលមកពឹងពាក់ឲ្យជួយផ្សាយឡង់សេនេះ ក្រៅពីវាប្រកាសជាចំហថា ធ្វើបុណ្យផ្កាយកបច្ច័យជួយបក្ស វាក៏ពឹងពាក់ឲ្យជួយខ្សឹបតិចៗថា ម្ចាស់ដើមបុណ្យ ក៏ត្រូវការដុល្លារជួយស្ត្រីមេម៉ាយ ជួយនាងៗ នៅតាមហាងកាត់សក់ម៉ាស្សា និង តាមហាងខារ៉ាអូខេដែរ ព្រោះតាំងពីស្រីមុំបែកចិត្តទៅ ឥឡូវគាត់ខូចចិត្តសម្ងំនៅតែក្នុងបន្ទប់ទេ... គាត់ក៏ជាមនុស្សមានបេះដូងដែរ គាត់ត្រូវការបេះដូងយកមកស្អំ។
នាយខ្វៃ៖ អើ.! អាខ្វែកអើយ បើម្ចាស់ដើមបុណ្យគេថា ជាបុណ្យផ្កាតាមបែបទំនើប បុណ្យផ្កាសម័យអនឡាញ សម័យហ្វេសប៊ុក...ឲ្យពរ ប្រោះព្រំទឹកមន្តសុទ្ធតែតាម Skype កូទឹកមន្តតាមមហាសមុទ្រទៅហើយ អញឈប់ឆ្ងល់ហើយ តែឯងទៅរកញាតិមិត្តឯណាចូលបុណ្យ ទៅរកឲ្យឆ្ងាយពីអញទៅ ឥឡូវជិតដល់ចូលវស្សាផង អញទុកលុយទិញទានវស្សា ទៅប្រគេនលោកគង់នៅតាមវត្តវិញ បានបុណ្យជាង តាំងពីកើតមកទើបតែឃើញទេអញ.! ធ្វើបុណ្យផ្កាយកបច្ច័យជួយបក្ស...។
ឪវា.! ឪវា.! ក្រោកឡើង ថ្ងៃចាំងចូលតាមបង្អួចហើយ ប្រយ័ត្នទៅធ្វើការអត់ទាន់ម៉ោង ក្រុមហ៊ុនគេកាត់ប្រាក់ខែណា.!
នាយខ្វែក៖ យី.! ឯងកំពុងដេកយល់សប្ដិជិតបានកុំម្មុយស្យុង ពីលុយបុណ្យផ្កាផង មកដាស់ដាច់សប្ដិអស់ម៉ាក់វានេះ...តែល្អម៉្យាងដែរ មិនបានចូលរួមចំណែក បាបអង្គាសបច្ច័យយកលុយជួយបក្សនឹងគេ..៕