(បាដាដ)៖ មន្ត្រីសុខាភិបាលនៃប្រទេសអ៉ីរ៉ាក់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារបំផ្ទុះគ្រាប់បែកនៅផ្សារមួយកន្លែងក្នុងទីក្រុងបាដាដ បានកើនឡើងដល់ ២៥០នាក់ ខណៈដែលអ្នករបួសមួយចំនួនត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបាននៅព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកក្កដា។
ក្រោយពីកើតមានករណីបំផ្ទុះគ្រាប់បែកស្លាប់មនុស្សយ៉ាងរង្គាលនេះ អាជ្ញាធរអ៉ីរ៉ាក់ ចាប់ខ្លួនបានជនសង្ស័យចំនួន ២០នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីវាយប្រហារខាងលើ ព្រមទាំងមានផែនការវាយប្រហារនៅតំបន់ផ្សេងៗក្នុងថ្ងៃបុណ្យ «រ៉ាម៉ាដាន»។
នៅថ្ងៃអង្គារម្សិលមិញនេះផងដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៉ីរ៉ាក់ លោក Mohammed Ghabban បានប្រកាស លាលែងពីតំណែង បន្ទាប់ពីមានករណីវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើ ដែលជាទង្វើរបស់ក្រុម ISIS។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី០៣ ខែកក្កដាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយដែលមានចរាចរណ៍ដ៏មមាញឹក ស្រពពេលក្រុមគ្រួសារម៉ូស្លីមជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញទំនិញនៅផ្សារ ខណៈដែលបុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ៕