(សៀមរាប)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ) នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1) នៅក្រុងសៀមរាប ខេត្តសៀមរាប។

និយ័តករបរធនបាលកិច្ច គឺជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1)។

សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង ដោយមានការចូលរួមពីលោក សុខ ដារ៉ា អគ្គនាយក ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP សមាសភាគទី១ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប លោកស្រី មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងអំពីគម្រោង ACSEP ពាក់ព័ន្ធនឹងដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានបន្ថែម ដើម្បីពង្រីក និងពង្រឹងអាជីវកម្មដល់សហគ្រាសកសិ-ឧស្សាហកម្ម សហគមកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ជាពិសេសសហគ្រាសផលិត ដែលមានបំណងស្វែងរកទុនបន្ថែមសម្រាប់គាំទ្រផែនការអាជីវកម្មរបស់ខ្លួន ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋបាលមូលដ្ឋាន, ស្ថាប័នហិញ្ញវត្ថុដៃគូ, សហគ្រាសកសិ-ឧស្សាហកម្ម, សហគមកសិកម្ម ក៏ដូចជាកសិករចិញ្ចឹមមាន់ដែលមកពីខេត្តសៀមរាប និងឧត្ដរមានជ័យផងដែរ សរុបចំនួន៩៥រូប។

សូមបញ្ជាក់ថា គម្រោង ACSEP ជាគម្រោងរបស់រាជរដ្ឋាភិបាលដែលនឹងចូលរួមចំណែក ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងមួយចំនួន មានដូចជា៖ ដំឡូងមី ផ្លែស្វាយ គ្រាប់ស្វាយចន្ទី បន្លែ និងមាន់ស្រុក ក្នុងខេត្តគោលដៅចំនួន ៦ រួមមាន៖ សៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ និងព្រះវិហារ។

គម្រោងនេះនឹងជួយ៖

* ជួយសម្រួលដល់ការទទួលបានឥណទានសម្រាប់សហគ្រាសកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្ម។

* ជួយលើកកម្ពស់ទំនាក់ទំនងទីផ្សារក្នុងចំណោមសហគ្រាសកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្ម និងលើកកម្ពស់សុវត្ថិភាព និងគុណភាពម្ហូបអាហារ។

* ធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់បណ្តាញផ្លូវដឹកជញ្ជូនពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។

គម្រោង ACSEP នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កសិកម្មចំនួន២៣០ (ប្រហែល ២៧,០០០ គ្រួសារ) និងកសិ-ឧស្សាហកម្មចំនួន៥០ នៅក្នុងតំបន់គោលដៅគម្រោង។ ចំនួនអ្នកទទួលផលត្រូវបានរំពឹងថានឹងត្រូវបានពង្រីកបន្ថែមតាមរយៈធនាគារដៃគូទាំងពីរគឺ ARDB និង Sathapana៕