(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានបន្តប្រគល់ផ្ទះមួយខ្នងជូនលោកតា មាស សុភាព អាយុ៧៦ឆ្នាំ រស់នៅភូមិអូដារ ឃុំបួរ ស្រុកភ្នំព្រឹក ដែលជាទុរគជនរស់នៅម្នាក់ឯង។
សូមបញ្ជាក់ថា ផ្ទះមួយខ្នងនេះត្រូវបានចំណាយថវិកាសាងសង់ចំនួន ៥.៣៨០ដុល្លារ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រកសង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ៣ម៉ត្រ និងចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី៥២កេស, ត្រីខ ២០កំប៉ុង, ឈុតគ្រឿងចានឆ្នាំង និងថវិកាមួយចំនួនដោយឡែក លោកយាយលោកតាចាស់ៗ ដែលរស់នៅជិតខាងចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ មី ត្រីខ ទឹកបរិសុទ្ធ មុង ក្រមា និងថវិកាមួយចំនួនផងដែរ។
លោកតា មាស សុភាព អាយុ៧៦ឆ្នាំ ក៏បង្ហាញពីសេចក្ដីរំភើបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី១ខ្នង លេខរៀងទី៩ ដែលជាអំណោយសាខកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង៕