(ភ្នំពេញ)៖ ការព្រហើនមិនព្រមចូលខ្លួនទៅបំភ្លឺ នៅចំពោះមុខសវនាការសាលាឧទ្ធរណ៍ ក្នុងនាមជាដើមបណ្តឹងបាននាំឲ្យតុលាការ ចេញដីកាសម្រេចបិទ ការស៊ើបសួរលើសំណុំរឿងលោក កឹម សុខា។ ទង្វើចចេសរឹងរូសបំពាននីតិវិធីផ្លូវច្បាប់ម្តងហើយ ម្តងទៀតបែបនេះ លោក កឹម សុខា នឹងជួបនូវផលវិបាក កាន់តែអាក្រក់ទៅៗ គឺគុកកំពុងតែរង់ចាំគាត់ហើយ។
ប្រទេសមានច្បាប់ ! ចុះបើអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ នៅក្នុងរដ្ឋឯករាជ្យ អធិបតេយ្យមួយ ដែលបានកោះហៅលោក កឹម សុខា តាំងពីក្នុងនាមជាសាក្សីក៏គាត់មិនចូលខ្លួន ហើយសូម្បីតែខ្លួនគាត់ (កឹម សុខា) ជាដើមបណ្តឹងដែលបានប្តឹងជំទាស់មោឃភាព ចំពោះនីតិវិធីទាំងអស់របស់ សាលាដំបូងរាជធានីភ្នំពេញ ក៏គាត់មិនព្រមចូលខ្លួន ទៅការពារបណ្តឹងរបស់គាត់ដែរ។
តើលោក កឹម សុខា គាត់ជាពួកម៉ាហ្វីយ៉ា ជើងកាង ប្រឆាំងនឹងអ្វីៗទាំងអស់ ដែលជាការអនុវត្តច្បាប់របស់កម្ពុជាមែនឬ? តើទង្វើបំពានច្បាប់របៀបហ្នឹងឬដែលលោក កឹម សុខា ចាត់ទុកថាជាមាគ៌ាល្អ និងជាគំរូក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ? លោក កឹម សុខា កំពុងតែដើរវង្វេងផ្លូវហើយ គឺសូម្បីតែដី៤ម៉ែត្រ៤ជ្រុង នៅក្នុងទីស្នាក់ការបក្ស ក៏គាត់មិនអាចការពារបានផង ពីព្រោះវិធានការច្បាប់ នឹងត្រូវបានចាប់បង្ខំឲ្យគាត់ទៅកាន់ទីកន្លែងអប់រំកែប្រែមនសិការ សម្បជញ្ញៈ ជាថ្មីទៀតនៅគុកព្រៃសជាក់ជាពុំខាន។
កាលពីអំឡុងចុងខែឧសភា ឆ្នាំ២០១៦ លោក កឹម សុខា បានបដិសេធក្នុងការចូលខ្លួន ក្នុងនាមជាសាក្សី គាត់ត្រូវរងនូវបទចោទប្រកាន់តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ជាគោលការណ៍អនុវត្តបទល្មើសព្រហ្មទណ្ឌ បើតាមនីតិវិធីច្បាប់ គឺមិនអាចអនុញ្ញាតឲ្យមេធាវី ឬបុគ្គលណាផ្សេងទៅឆ្លើយបំភ្លឺជំនួស នៅចំពោះមុខតុលាការបានឡើយ។
ការបដិសេធមិនចូលខ្លួនទៅបំភ្លឺម្តងហើយម្តងទៀត គឺបានបង្ហាញនូវសារជាតិផ្គើនច្បាប់ មិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។ ប្រហែលជាលោក កឹម សុខា មិនខ្លាចជាប់គុកទេមើលទៅ? ប៉ុន្តែសូមលោក កឹម សុខា កុំយល់ច្រឡំឲ្យសោះថា «គុកជាផ្ទះសំណាក់ សណ្ឋាគារ ឬហាងខារ៉ាអូខេ ដែលមានស្រីក្មេងៗរង់ចាំកំដរ ដូចគាត់ធ្លាប់បានសោយសុខ សប្បាយភ្លើតភ្លើនតាមចំណង់តណ្ហា និងប្រើឥទ្ធិពលលុយកាក់ អំណាចរបស់ខ្លួនកាលពីពេលមុនទៀតឲ្យសោះ លោកកំពុង យល់ខុសហើយ» សូមបញ្ឈប់ទៅនូវការយល់សប្តិ៍ថា កំពុងឡើងស្ថានសួគ៌ ខណៈខ្លួនឯងបើឡានក្នុងល្បឿនលឿន ហើយដាច់ចង្កូតរេធ្លាក់ចូលជ្រោះដ៏សែនជ្រៅនោះ! ។
វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដែលអ្នកនយោបាយមួយរូបដូចលោក កឹម សុខា យល់ច្រឡំដំបូកថា ជាភ្នំ យល់លាមកថាជាផ្កា និងជ្រើសរើសយកបញ្ហាវ័ណ្ឌក នៅតុលាការ ថាជាភាពហ៊ឺហារ ដូចរស់នៅសប្បាយក្នុងក្លឹបរាត្រី តែធាតុពិត ទីនោះ គឺជាគុករង់ចាំគាត់សោះ ឬអាចនិយាយមួយបែបទៀតថា នៅពេលនេះ លោក កឹម សុខា ប្រៀបដូចជនដែលកំពុងវក់នឹងល្បែងស៊ីសង ដល់ពេល «ចាញ់ខ្លាំងស្រវាំងភ្នែក»។
តើលោក កឹម សុខា នឹងប្រឈមបញ្ហាអ្វីខ្លះទៀត នៅពេលខាងមុខនេះ? បើតុលាការសម្រេចបិទការស៊ើបសួរហើយនោះ ការកាត់ក្តីដែលជាអាជ្ញាឈាន ទៅបញ្ចប់សំណុំរឿងរបស់គាត់ ក៏នឹងឆាប់ដល់ពេលយកមកអនុវត្តផងដែរ នោះហើយដែលជាលទ្ធផលកើតចេញពីសកម្មភាពទាំងអស់ នៃជីវិតនយោបាយ របស់គាត់។ ភាពអស្មិមានៈ រឹងរូសរបស់លោក កឹម សុខា ដែលប្រកាសជំហរដាច់ខាតប្រឆាំងច្បាប់ អង្គុយលើច្បាប់ និងជាន់ឈ្លីច្បាប់ទាំងកំរោល គឺបានបង្ហាញយ៉ាងច្បាស់នូវចរិតរបស់លោក កឹម សុខា គឺ «សារជាតិប្រឆាំងផ្កាប់មុខ នៅតែផ្កាប់មុខ» គុកកំពុងរង់ចាំគាត់ហើយ៕
អត្ថបទ៖ ឌីន អាន់ដ្រា