អារ៉ាប៊ី សាអូឌីត៖ បុរសប៉ាគីស្ថាន គឺជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្បែរស្ថានកុងស៊ុលអាមេរិក ក្នុងទីក្រុង Jeddah
06-07-2016 09:27
(អារ៉ាប៊ី សាអូឌីត)៖ រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត បានបញ្ជាក់អត្តសញ្ញាណ អ្នកបំផ្ទុះគ្រាប់អត្តឃាត ដែលបានវាយប្រហារឡើងនៅផ្នែកខាងក្រៅ នៃស្ថានកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុង Jeddah។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០៦ ខែកក្កដា។
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនោះ ត្រូវបានរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត បញ្ជាក់ថា ជាបុរសម្នាក់ជនជាតិប៉ាគីស្ថាន ប៉ុន្តែបានមករស់នៅអារ៉ាប៊ីសា អូឌីត អស់រយៈពេល ១២ឆ្នាំមកហើយ ដោយប្រកបមុខរបរជាអ្នកបើកបរ។
នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើង នៅចំណតរថយន្តក្បែរមន្ទីរពេទ្យធំ ជាប់របងស្ថានកុងស៊ុលសហរដ្ឋអាមេរិក ក្នុងទីក្រុង Jeddah ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ (អ្នកបំផ្ទុះ) និងរបួសប៉ូលិសពីររូប ហើយក្រោយពីបំផ្ទុះ ប៉ូលិសបានរកឃើញគ្រាប់បែកចំនួនបីគ្រាប់ផ្សេងទៀតនៅក្នុងរថយន្តរបស់ជនបង្ក។
គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០០៤ ស្ថានកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុង Jeddah បានរងការវាយប្រហារ ដោយខ្មាន់កាំភ្លើង ជាបក្ខពួកក្រុម អាល់ កៃដា បានបាញ់សម្លាប់បុគ្គលិកចំនួន ៥នាក់៕