(ព្រៃវែង)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានថ្លែងថា ដើម្បីការងារគ្រប់ជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត កាន់តែមានប្រសិទ្ធភាពទ្វេគុណ លោកបានត្រៀមអញ្ជើញគ្រូបង្គោល មកបណ្ដុះបណ្ដាលបន្ថែម។ ជាមួយគ្នានេះ លោកគ្រោងរៀបចំបង្កើតកងកម្លាំងអន្តរាគមន៍ ដែលជាកម្លាំសំរាប់ជួយគ្រប់ផ្នែកទាំងអស់នៅក្នុងស្នងការដ្ឋាន ក្នុងទិសដៅឆ្ពោះទៅកាន់ប្រសិទ្ធភាពការងារកានើតែល្អប្រសើរឡើង។

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ នៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឺលមានវត្តមានលោក-លោកស្រីស្នងការទាំងអស់។

ក្នុងកិច្ចប្រជុំ លោក លោកស្រី ស្នងការរងទាំងអស់ បានលើកឡើងពីបញ្ហាប្រឈមពេលអនុវត្តការងារកន្លងមក និងលើកពីសំណូមពរជូនដល់លោកស្នងការ ខណ:ដែលសំណូមពរទាំងអស់ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការ ទទួលយកទាំងអស់ និងឆ្លើយតបជាវិជ្ជមានជាមួយនឹងភាពម៉ឺងម៉ាត់ និងច្បាស់លាស់ការងារ។

ព្រមជាមួយគ្នានេះ លោកស្នងការ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ផែន ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព រាយការណ៍លម្អិត អំពីរចនាសម្ព័ន្ធ និងធ្វើបញ្ជីវត្តមាន តាមការិយាល័យ ហើយធ្វើរបាយការណ៍មកកាន់លោកស្នងការផ្ទាល់។

លោកស្នងការ បានលើកទឹកចិត្ត ណែនាំ ដល់លោក-លោកស្រី ស្នងការរងទាំងអស់សាមគ្គីគ្នាឲ្យកាន់តែស្អិតរមួតឡើងតាំងពីលើដល់ក្រោមគ្រប់ៗគ្នាទាំងនៅក្នុងស្នងការដ្ឋាន និងនៅតាមមូលដ្ឋាន ជាមួយនឹងការដាក់ចិត្ត-កាយ ចុះពោះការងារ ជាមួយនឹងក្ដីសង្ឃឹម និងរីករាយចុះពោះតួនាទីរៀងៗខ្លួន ក្នុងទិសដៅប្រសិទ្ធភាពការងារ ជួយជាតិ មាតុភូមិ សង្គម និងបំរើប្រជាពលរដ្ឋឲ្យបានល្អឥតខ្ចោះ៕