(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហារ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាតចំនួន១៥គ្រួសារ នៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅផ្នែកសឹករងស្ទោង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេលោកតែងតែគិតគូរយកគិតទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពនិងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។
ជាមួយនេះដែរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានសូមជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមបានប្រកបតែសេចក្តីសុខសេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានចំពោះអតីតយុទ្ធជន ដែលបានលៈបង់សាច់ស្រស់ ឈាមស្រស់ រហូតដល់ធ្លាក់ខ្លួនពិការនិងមួយចំនួនទៀតបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិ ការពារនៃការវិលត្រឡប់មកវិញនូវរបបដ៏យង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត អៀងសារី ខៀវ សំផន និងបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវខិតខំថែរក្សាសុខភាព ដើម្បីបន្តរួមគ្នាថែរក្សាសន្តិភាពនិងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវរបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលីទាំង១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ៕