(ភ្នំពេញ)៖ ភ្លើងសង្គ្រាមដែលផ្តើមឆាបឆេះកម្ពុជាក្រោយការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មិនត្រឹមតែប្រជាពលរដ្ឋសាមញ្ញនោះទេ ដែលត្រូវនិរាសព្រាត់ប្រាស់គ្នា សូម្បីតែគ្រួសារព្រះឥសូរ ដែលជាអាទិទេពដ៏មានឫទ្ធានុភាពក្នុងជំនឿរបស់ខ្មែរ ក៏ត្រូវព្រាត់ប្រាស់គ្នាដែរ។
ក្នុងពិធីទទួលរតនវត្ថុដែលត្រូវបានជួញដូរទៅបណ្តាប្រទេសនានា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ រូបព្រះបដិមាព្រះឥសូរ រួមជាមួយព្រះបដិមាជាបុត្រ គឺព្រះស្កន្ទ និង ព្រះគណេស ត្រូវបានរៀបចំដាក់ជុំគ្នា។ ព្រះបដិមាព្រះឥសូរ និងព្រះបដិមាជាបុត្រទាំងពីរព្រះអង្គ ត្រូវបានក្រុមជនទុច្ចរិតជួញដូររសាត់ឆ្ងាយពីគ្នា ហើយទើបនឹងរកឃើញ និងទាមទារនាំត្រឡប់មកវិញនៅពេលថ្មីៗនេះ។
យោងតាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ព្រះបដិមាព្រះឥសូរ ជាព្រះបិតា ត្រូវបានរកឃើញ និងប្រគល់ត្រឡប់ពីគ្រួសារ លោក ឌូក្លាស ឡាចហ្វដ នៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០២១។ ព្រះបដិមាព្រះស្កន្ទ ជាបុត្រាទី១ របស់ព្រះឥសូរ ត្រូវបានរកឃើញ និងទទួលបានពីសហរដ្ឋអាមេរិកនៅឆ្នាំ២០២១។ ដោយឡែកព្រះបដិមា ព្រះគណេសជាបុត្រាទី២ របស់ព្រះឥសូរ ត្រូវបានរកឃើញ និងទទួលបានពីសហរដ្ឋអាមេរិកនៅឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ព្រះឥសូរ ជាអាទិទេពកំពូលមួយនៅក្នុងព្រហ្មញ្ញសាសនា។ ព្រះស្កន្ទ ក្នុងទម្រង់ជាកុមារ គឺជាទេពខាងសឹកសង្គ្រាម ឬជាមេទ័ពដ៏អស្ចារ្យប្រចាំនៅស្ថានសួគ៌ ដែលមានយានជាសត្វក្ងោក។
សម្តេចតេជោបានបន្ថែមថា នៅសម័យបុរាណខ្មែរមានជំនឿទៅលើព្រះស្កន្ទ ខ្លាំងណាស់ ដ្បិតជាបុត្រព្រះឥសូរ និងជាមេទ័ពដ៏ខ្លាំងពូកែ ដូចមានបង្ហាញក្នុងចម្លាក់ និងចារក្នុងសិលាចារឹក។ ចំណែកឯព្រះគណេស ដែលមានក្បាលដំរីនេះ គឺជាទេពនៃបញ្ញាញាណ និងជម្នះឧបសគ្គទាំងឡាយ ដូច្នេះហើយទើបព្រះអង្គ ស្ថិតក្នុងចំណោមទេពមួយ ដែលត្រូវបានគេគោរពបូជាជាងគេ ក្នុងជំនឿសាសនាព្រាហ្មណ៍។
ការដាក់បង្ហាញជុំគ្នាព្រះបដិមានៃគ្រួសារអទិទេពនាពេលនេះ ផ្តល់នូវអត្ថន័យដ៏សំខាន់នៃការជួបជុំគ្នាឡើងវិញនៃគ្រួសារអទិទេព បន្ទាប់ពីឃ្លាតឆ្ងាយពីគ្នាព្រោះតែកត្តាសង្គ្រាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចថា «ពេលនេះ គ្រួសារអទិទេពមួយ (ឪពុក និងកូនទាំងពីរ) បានជួបជុំគ្នាឡើងវិញ តាមរយៈបញ្ញាញាណដ៏ខ្ពស់បំផុតក្នុងការស្វែងរកសន្តិភាព ក្រោយពីបានបែកគ្នាអស់ជាង៤ទសវត្សរ៍កន្លងទៅ ដោយសារជនទុច្ចរិតបានលួចចេញពីក្រុមប្រាសាទកោះកេរ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០នៃសង្គ្រាម»។
សម្តេចតេជោបន្ថែមថា «សន្តិភាព គឺពិតជាមានសារ:សំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអទិទេព ក៏ត្រូវការនូវសន្តិភាពសម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ»។
សូមបញ្ជាក់ថា តាមរយៈសន្តិភាពកំពុងគ្របដណ្តប់ពាសពេញប្រទេសនេះ មិនត្រឹមតែព្រះបដិមាជាគ្រួសារអទិទេពព្រះឥសូរប៉ុណ្ណោះទេ ដែលបានវិលជួបជុំក្នុងនគរខ្មែរជាថ្មី នៅព្រះបដិមា រូបចម្លាក់ និងគ្រឿងអលង្ការ ដែលជារតនសម្បត្តិរបស់ខ្មែរជាច្រើនទៀត ក៏ត្រូវរកឃើញជាបន្តបន្ទាប់ផងដែរ។ ការរកឃើញ និងនាំត្រឡប់មកវិញនូវរតនសម្បត្តិទាំងអស់នេះ ត្រូវបានគេចាត់ទុកជាការនាំត្រឡប់មកវិញនូវដួងប្រលឹងវប្បធម៌ខ្មែរ ដែលបានបាត់បង់ក្នុងពេលស្រុកកើតកលិយុគ៕
ព្រះបដិមាព្រះឥសូរ
ព្រះបដិមាព្រះស្កន្ទ
ព្រះបដិមាព្រះគណេស