(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសមាគមយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខនាយទាហាន ១រូប គឺឧត្តមសេនីយ៍ទោ ម៉ា សុផាន់ណា ជាយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩) ដោយបានឧបត្ថម្ភថវិកាអំណោយរបស់សម្តេចតេជោ ចំនួន២លានរៀលផងដែរ។

នាឱកាសនោះដែរនាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ជូនដល់យុទ្ធមិត្តឧត្តមសេនីយ៍ទោ ម៉ា សុផាន់ណា និងបានបញ្ជាក់ដែរថា​ សម្តេចតេជោ តែងតែគិតគូរជានិច្ចចំពោះយុទ្ធមិត្តគ្រប់រូប ដោយមិនទុកឱ្យយុទ្ធមិត្តរូបណាជួយបញ្ហានោះឡើយ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគោរពជូនពរដល់យុទ្ធមិត្តឧត្តមសេនីយ៍ទោ ម៉ា សុផាន់ណា ឆាប់បានជាសះស្បើយពីជំងឺ និងចាប់បានត្រឡប់ទៅផ្ទះដើម្បីតាមជួបជំកូនចៅឡើងវិញ និងបានណែនាំឱ្យឧត្តមសេនីយ៍ទោ ម៉ា សុផាន់ណា ខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងទទួលការព្យាបាលនិងអនុវត្តន៍តាមវេជ្ជបញ្ជាររបស់គ្រូពេទ្យឱ្យបានជាប់លាប់ ទើបធ្វើឱ្យឆាប់ជាសះស្បើយពីជំងឺផងដែរ៕