(កំពត)៖ បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតថាស្ត្រីឈ្មោះ សៀង ស្រីអូន ដែលរងគ្រោះដោយពេទ្យគ្លីនិកដើមអង្ក្រង កាយយកសពទារករំលូតក្នុងផ្ទៃ ដោយទាំងពោះវៀន បានផុតដង្ហើមភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ដ្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចូលរួមបុណ្យសពដល់គេហដ្ឋាន នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រោយទទួលដំណឹងមរណភាពរបស់ក្មួយស្រីអូនភ្លាម កាលពីព្រឹកមិនញនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី នាំយកថវិកា និងទេយ្យវត្ថុមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខ។
នេះបានបង្ហាញឱ្យឃើញពីជាការចូលរួមរំលែកនូវមរណៈទុក្ខផង និងការគិតគូរពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
លោកស្រីបន្ដថា «កន្លងមកសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត បានយកចិត្ដទុកដាក់ខ្ពស់ណាស់ ដល់សុខទុក្ខរបស់ក្មួយស្រីអូន តាំងពីគាត់ត្រូវបានឆ្មបនៅគ្លីនិកឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន បណ្ដាលគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយត្រូវមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ដំណាក់នោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជួយរ៉ាប់រងរាល់ការចំណាយទាំងអស់ ឱ្យតែក្មួយស្រីរូបនេះ នៅមានជីវិត ទោះសង្ឃឹមតិចក្ដី ឬរស់បានក្នុងរយៈពេលខ្លីក្ដី ក៏សម្ដេចផ្ដាំផ្ញើដល់គ្រូពេទ្យត្រូវតែខិតខំប្រឹងប្រែងព្យាបាលឱ្យអស់ពីលទ្ធភាព។ ហើយកំលុងព្យាបាលនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានចាត់តំណាងចុះសួរសុខទុក្ខ ជាបន្ដបន្ទាប់ ដោយនាំយកនូវជាមួយនឹងថវិកា ជូនដល់ក្រុមគ្រួសារគាត់ទុកចំណាយចាយវាយកំលុងនៅមើលថែក្មួយស្រីអូន។ ជាងនេះទៅទៀត ទោះកំលុងស្រីអូន ទៅព្យាបាលនៅប្រទេសថៃ ក៏សម្ដេចនៅតែសួរនាំសុខទុក្ខជាប់ជានិច្ចផងដែរ»។
តែដោយគ្មានមនុស្សណាម្នាក់អាចរស់នៅបានដោយពោះវៀន សម្រាប់ទទួលយកនូវអាហារមកចិញ្ចឹមសារពាង្គកាយបានទេ ។ដូច្នេះក្រោយការខិតខំប្រឹងប្រែងសង្គ្រោះអស់ពីសមត្ថមភាពរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត បញ្ហាប្រឈមគ្រោះថ្នាក់គាត់ក៏លេចឡើងជាបន្ដបន្ទាប់ ដែលបណ្ដាលឱ្យស្លាប់បាត់នៅថ្ងៃនេះ។
ក្នុងឱកាសចូលរួមរំលែកទុកនេះ លោកស្រីក៏បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញើលើកទឹកចិត្តដល់លោក ផេង វឿន ដែលត្រូវជាស្វាមីរបស់ស្រីអូន ត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូជម្នះការលំបាក ដើម្បីជីវិតរស់នៅបន្តទៀត ដើម្បីមើលថែកូនស្រីដែលមានអាយុជាង៣ឆ្នាំនេះ ឱ្យទទួលបានភាពកក់ក្ដៅ ទោះអត់ពីម្ដាយក៏ដោយ ពិសេសឱ្យកូនបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាង។
សូមជម្រាបថា ថ្ងៃនេះជាលើកទី៤ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះមកចូលរួមរំលែកមរណទុក្ខ ជូនដំណើរជាលើកចុងក្រោយ និងចូលបុណ្យសពនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ១០លានរៀល។
ក្រុមគ្រួសារសពរបស់ សៀង ស្រីអូន បានលើកដៃប្រណមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបួងសួងដល់វត្ថុសក្ដិសិទ្ធ ជូយថែរក្សា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា និងក្រុមគ្រួសារ បានប្រកបទៅដោយសេចក្ដីសុខចម្រើនជានិរន្ដ៍ ពិសេសជាម្លប់ដល់កូនចៅ៕