(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការ ពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូចនេះ ក្នុងឱកាសអញ្ជេីញជាអធិបតី ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ«ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះនៅវិទ្យាស្ថានជាតិអប់រំ ដោយកាចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិតជាច្រេីនរូបផងដែរ។
លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឱ្យដឹងទៀតថា ប្រធានបទ៖ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» បានគូសបញ្ជាក់អំពីតម្លៃស្មើភាពគ្នារវាងស្ត្រី និងបុរសក្នុងការចូលរួមអភិវឌ្ឍលើគ្រប់វិស័យ និងលើកទឹកចិត្តឱ្យគ្រប់ដៃគូពាក់ព័ន្ធ បន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធីនិងសកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី នៅគ្រប់របៀបវារៈនៃការស្តារសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងលើកកម្ពស់ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងយុគសម័យឌីជីថល។
ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមអស់ពីកម្លាំងកាយកម្លាំងចិត្ត របស់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ និងបានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅក្នុងវិស័យអប់រំ យុវជន និងកីឡាផងដែរ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំក្រសួង ស្ថាប័នទាំងអង្គភាពសាធារណៈ និងឯកជននៅទូទាំងប្រទេស តែងតែរៀបចំកម្មវិធីអបអរទិវាអន្តរជាតិនារី ០៨ មីនា យ៉ាងផុសផុលដើម្បីបញ្ជាក់ពីតម្លៃរបស់ស្ត្រីនៅគ្រប់សសៃឈាមនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់គ្នា៕