(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានរៀបចំ កិច្ចសន្ទនា គោលនយោបាយ តាមវិស័យនៅកម្ពុជា (Sector Policy Dialogue) ជាមួយ ដៃគូអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យ អាទិភាពចំនួន៤ រួមមាន ៖ វិស័យអភិវឌ្ឍន៍ជំនាញ, វិស័យអប់រំ, វិស័យ ថាមពល, និងវិស័យកសិកម្ម ។ កិច្ចសន្ទនា គោលនយោបាយ តាមវិស័យនេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកស្រី Jyotsana Varma នាយិកាធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដោយមានការ ចូលរួមពីតំណាងក្រសួងស្ថាប័ន, រដ្ឋបាល ថ្នាក់ក្រោមជាតិ, គ្រឹះស្ថានឧត្តមសិក្សា, ស្ថាប័នស្រាវជ្រាវ, សមាគម, សភាពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

លោក វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៥ ឬជាឆ្នាំចុងក្រោយនៃ ការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ហើយក៏ជាឆ្នាំដែលដៃគូអភិវឌ្ឍន៍ត្រូវចាប់ផ្តើមគិតគូរឡើងវិញ អំពីក្របខណ្ឌយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកម្ពុជា សម្រាប់រយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខទៀតផងដែរ។ ដូចនេះ កិច្ចសន្ទនារបស់យើងនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយយើងអាចធ្វើការបូកសរុបរួមគ្នា អំពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំកន្លងមក និងដូចជាដើម្បីរួមគ្នាវាយតម្លៃ អំពីស្ថានភាព និងបញ្ហាប្រឈមនានាផងដែរ ក្នុងគោល ដៅប្រមូលធាតុចូល ដើម្បីជាមូលដ្ឋាន សម្រាប់រាជរដ្ឋាភិបាលកម្ពុជារៀបចំនូវក្របខណ្ឌផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រយៈពេល ៥ឆ្នាំ បន្តទៅមុខទៀត ហើយដៃគូអភិវឌ្ឍន៍របស់យើង ក៏អាចរៀបចំនូវក្របខណ្ឌយុទ្ធ សាស្រ្តនៃកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា សម្រាប់រយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខទៀត ដោយផ្អែកលើផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្របខណ្ឌយុទ្ធសាស្ត្រ ឬរបៀបវារៈគោលនយោបាយរបស់ស្ថាប័នខ្លួនផងដែរ។

លោកបានបន្តថា ដូចនេះ កិច្ចសន្ទនាគោលនយោបាយរបស់យើងនាថ្ងៃនេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជន និងភាគី ពាក់ព័ន្ធទាំងអស់ អាចផ្លាស់ប្តូរមតិគ្នា, រៀនសូត្រពីគ្នា, និងតម្រង់ទិសគ្នាទៅវិញទៅមក ដើម្បីតម្រង់កិច្ចសហប្រតិបត្តិការ របស់យើងឱ្យកាន់តែចំគោលដៅ និងកាន់តែមានប្រសិទ្ធភាព ហើយអាចបង្កើនបាននូវថាមភាព (Synergy) រវាងដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល ដើម្បីជួយទ្រទ្រង់ ដល់កិច្ចអភិវឌ្ឍកម្ពុជា ឱ្យទទួលបាននូវកំណើនខ្ពស់ ប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) ក៏ដូចជាចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តលើកឡើងថា នៅក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវកំណាត់ផ្លូវមួយដ៏លំបាក និងរដេបរដុប ដែលយើងអាចធ្វើការបែងចែកជា ៣ ដំណាក់កាល គឺ៖ (១). ដំណាក់កាលទី១ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ គឺជាឆ្នាំដែលកម្ពុជា សម្រេចបាននូវកំណើន សេដ្ឋកិច្ចរឹងមាំ និងក្នុងកម្រិតមួយ ដ៏ខ្ពស់ប្រមាណជាង ៧%។ ទន្ទឹមនេះ, ការប្រមូលចំណូលថវិកា ក៏សម្រេចបានក្នុងអត្រា កំណើនមួយដ៏ខ្ពស់ និងប្រកប ដោយចិរភាពផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល សើ្ទតែមិនចាំបាច់ប្រើប្រាស់ នូវប្រភពហិរញ្ញប្បទាន ពីខាងក្រៅប្រទេស និងអាចសន្សំបាន នូវថវិកាបម្រុងទុក ក្នុងកម្រិតមួយសមស្រប (២).ដំណាក់កាលទី២ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ គឺជាឆ្នាំនៃវិបត្តិដ៏ធំមួយ បណ្តាលមកពីជំងឺកូវីដ-១៩។

វិបត្តិនៃជំងឺនេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវធ្លាក់ចុះពីប្រមាណជាង ៧% ក្នុងឆ្នាំ២០១៩ រហូតដល់ -៣,១% ក្នុងឆ្នាំ២០២០ ។ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏កម្ពុជាបានទប់ទល់ និងដោះស្រាយវិបត្តិនេះ បានយ៉ាងល្អ ដោយសារការសម្រេច បាននូវមូលដ្ឋានសេដ្ឋកិច្ច ដ៏រឹងមាំក្នុងរយៈ ពេលជាង ១០ឆ្នាំកន្លងមក និងដោយសារសមត្ថភាពដឹកនាំដ៏ប៉ិនប្រសព្វ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង សភាពការណ៍វិបត្តិ នៃជំងឺកូវីដ-១៩ ក្នុងស្មារតីបុរេសកម្ម ដោយមានការចូលរួមពីគ្រប់តួអង្គ និងដៃគូពាក់ព័ន្ធ។ ក៏ប៉ុន្តែក្នុងឆ្នាំ២០២២ យើងត្រូវជួបនឹង វិបត្តិថ្មីមួយទៀត គឺសង្គ្រាមនៅអ៊ុយក្រែន ដែលបានដាក់បន្ទុកបន្ថែម ខណៈដែលស្លាកស្នាម ដែលបន្សល់ទុកដោយវិបត្តិនៃជំងឺកូវីដ-១៩ មានលក្ខណៈជ្រាលជ្រៅ និងនៅមិនទាន់ដោះស្រាយចប់ ទាំងស្រុងនៅឡើយ ទាំងនៅកម្ពុជា ក៏ដូចជានៅទូទាំង ពិភពលោក និង (៣).ដំណាក់កាលទី៣ ឆ្នាំ២០២៣ គឺជាដំណាក់កាល នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា នៅលើគន្លងនៃកំណើនខ្ពស់ឡើងវិញ ។

លោក វង្សី វិស្សុត បានបន្តថា ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បាននិងកំពុងធ្វើឱ្យមានការ បែកបាក់ជាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានបង្កឱ្យមានសម្ពាធ អតិផរណា និងអាចនាំទៅដល់វិបត្តិផ្សេងៗទៀត ហើយអាចឈាន ទៅដល់សភាពការណ៍មួយ ដែលយើងស្មានមិនដល់។ ទន្ទឹមនេះ បញ្ហាអាកាសធាតុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែបានបង្ហាញច្បាស់ថា ពិភពលោកមិនអាចគេចរួច ពីផលប៉ះពាល់អាក្រក់ ដែលបណ្តាកមកពីបញ្ហាអាកាសធាតុនេះទេ ហើយបើយើងមិនរួមគ្នាដោះស្រាយពីឥឡូវទេ គឺទៅថ្ងៃមុខទៀត នឹងកាន់តែធ្ងន់ធ្ងរ ជាងនេះទៀត ។ ក៏ប៉ុន្តែកម្លាំងរបស់ពិភពលោក ក្នុងការដោះស្រាយបញ្ហា ប្រឈមទាំងនេះ កាន់តែទន់ខ្សោយទៅៗ ដោយសារតែពិភពលោក កំពុងតែបែកបាក់គ្នា ហើយយើងមិនអាចប៉ាន់ ស្មានបានថា តើទម្ងន់នៃផលអវិជ្ជមាន ទាំងនេះធ្ងន់ប៉ុនណានោះទេ។ ដោយឡែកសម្រាប់កម្ពុជា ក៏មិនអាចគេចផុតពីផលប៉ះពាល់ទាំងនោះដែរ ព្រោះយើងជាប្រទេស មានការបើកចំហខ្លាំង។

គួរបញ្ជាក់ដែរថា កិច្ចសន្ទនា គោលនយោបាយតាមវិស័យនេះ បានប្រព្រឹត្តិទៅពេញមួយថ្ងៃ ហើយអង្គ ប្រជុំបានធ្វើការ ពិភាក្សាផ្លាស់ប្តូរមតិយោបល់ លើស្ថានភាព, សមិទ្ធផល, បញ្ហាប្រឈម និងអនុសាសន៍គោលនយោបាយលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ វិស័យអភិវឌ្ឍន៍ជំនាញ, វិស័យអប់រំ, វិស័យថាមពល, និងវិស័យកសិកម្ម៕