(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់់ថា ស្ថានភាពនៃការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបានកំណើនជុំវិញ ៧ភាគរយ ក្នុងឆ្នាំ២០១៥ ពិសេសជាងនេះ តាមការព្យាករណ៍កំណើនសេដ្ឋកិច្ច ដែលអាចនឹងនៅតែសម្រេចបាន ប្រមាណ៧.១ភាគរយ នៅឆ្នាំ២០១៦។
ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយនឹងក្តីសុទិដ្ឋិនិយមរបស់លោករដ្ឋមន្ត្រី យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលលោកអនុញ្ញាតឲ្យ លោកស្រី Victoria Kwakwa អនុប្រធានធនាគារ ពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ទៀតថា «ចក្ខុវិស័យអនាគតកម្ពុជា នៅមានលក្ខណៈជាវិជ្ជមានបន្តទៀត មានន័យថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថានឹងមានកំណើនប្រមាណ ៧ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេលមធ្យម។ កំណើនសេដ្ឋកិច្ចនេះ នឹងធ្វើឲ្យចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា (Per Capital Income) កើនឡើងពី១០៤២ ដុល្លារអាមេរិក នៅឆ្នាំ២០១៣ រហូតដល់ ១២១៥ដុល្លារអាមេរិកនៅឆ្នាំ២០១៥»។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ទោះបីកំណើនសេដ្ឋកិច្ចនៅកម្ពុជា មានភាពប្រសើរ យ៉ាងណាក៏ កម្ពុជាត្រូវខិតខំធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចមានលក្ខណធន់ និងឆ្លើយតបទៅនឹងកត្តាប៉ះពាល់ ដោយកំណើនខ្សោយនៃសេដ្ឋកិច្ច នៃប្រទេសចិន និងវិបត្តិនៃការចាកចេញរបស់ចក្រភពអង់គ្លេស ពីសហភាពអឺរ៉ុបកាលពីពេលថ្មីនេះ៕