Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិការកាយពិត តែមិនពិការចិត្តឡើយ! បុរសពិការម្នាក់ប្រកបរបរដើរទិញអេតចាយចិញ្ចឹមគ្រួសារ រស់នៅមានជីវភាពសមរម្យ

16-03-2023 18:38

(ព្រះវិហារ)៖ នៅលើលោកនេះ ធម្មជាតិបានបង្កើតមនុស្សយើងមកមានលក្ខណៈខុសៗគ្នា កាយសម្បទាខុសៗគ្នា ចិត្តគំនិតខុសៗគ្នា និងជីវភាពរស់នៅក៏ខុសៗគ្នាដែរ។ កត្តាទាំងអស់នេះ បើផ្អែកតាមធម៌ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង គឺផ្តោតសំខាន់ទៅលើកម្មផល ព្រេងវាសនា គឺអ្នកណាសាងអីទទួលបាននោះជាមិនខាន។

យ៉ាងណាមិញ បុរសពិការជើងទាំងពីរពីកំណើតម្នាក់ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទោះខ្លួនជាជនពិការក៏ពិតមែន តែខ្លួនមិនបានដើរសុំទានគេដើម្បីចិញ្ចឹមក្រពះនោះទេ គឺខ្លួនប្រកបមុខរបរដើរទិញអេតចាយ គ្រាន់បានកម្រៃបន្តិចបន្ទួចចិញ្ចឹមគ្រួសារបានរស់នៅសមរម្យដូចគ្រួសារញាតិជិតខាងដែរ។

បុរសពិការជើងទាំង២ ឈ្មោះ សុខ ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មានភរិយាឈ្មោះ ឃុត គង់ អាយុ៣២ឆ្នាំ មានកូនប្រុសតូចម្នាក់ បាននិយាយរៀបរាប់ឱ្យដឹងថា រូបគាត់ពិការជើងទាំង២ តាំងពីកំណើតមកម្ល៉េះ រស់នៅជាមួយម្តាយមានជីវភាពខ្វះខាត នៅភូមិ សង្កាត់ខាងលើ លុះខ្លួនធំដឹងក្តីមានអារម្មណ៍តូចចិត្តខ្លះដែរ ព្រោះតែខ្លួនជាជនពិការ។

លោកថា ទោះបីជាខ្លួនពិការក៏ពិតមែន តែភរិយារបស់លោកសព្វថ្ងៃនេះស្រឡាញ់លោកខ្លាំងណាស់ មិនបានប្រកែប្រកាន់ឬ អន់ចិត្ត និងបានប្តីជាជនពិការនោះទេ និយាយរួមមិនខុសពីរឿងព្រះជិនវង្ស និងនាងពៅនោះទេ។

លោក សុខ ផាន់ណា បានថ្លែងរៀបរាប់ឱ្យដឹងទៀតថា រូបគាត់បានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ២០១៧មកម្ល៉េះ មកដល់សព្វថ្ងៃនេះ គឺទទួលបានកូនប្រុសម្នាក់ជាទីស្រឡាញ់ ហើយលោកមានគម្រោងនឹងយកកូនម្នាក់ទៀត ក្នុងពេលឆាប់ៗនេះ។ ដោយឡែក ចំពោះមុខរបរដើរទិញអេតចាយរបស់លោក គឺចាប់ផ្តើមរយៈពេល២ឆ្នាំហើយ ដោយក្នុង១ថ្ងៃ គាត់អាចរកប្រាក់ចំណូលបាន ២ម៉ឺនរៀលគ្រាន់ដោះស្រាយជីវភាពដែរ៕