Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវឲ្យចូលរួមដាំដើមឈើទុកជាកេរដំណែលមនុស្សជាតិ

16-03-2023 17:59

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យជាស៊ីមប្រឡាយ រដ្ឋបាលឃុំប្រឡាយ និងមហាជន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានដាំកូនឈើ ចំនួន៥០០ដើម មានដូចជាដើមធ្នង់ ឈើទាល នាងនួន ត្របែកព្រៃ និងគគីរ នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះ លោក សាយ គឹមឡម បានអំពាវនាវដល់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវចូលរួមដាំដើមឈើឲ្យបានច្រើនដើម្បីទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ និងជាសម្បត្តិមនុស្សជាតិទៅ។

លោកបានបន្ថែមថា ការដាំដើមឈើបានច្រើនមិនត្រឹមតែចំណែកមួយនៃបរិស្ថានបរិសុទ្ធប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើននូវសោភ័ណភាពបៃតងស្រស់បំព្រងទៀតផង។ ជាមួយនេះ លោក សាយ គឹមឡម បានណែនាំដល់ សិស្សានុសិស្ស លោកនាយក លោកគ្រូ នៃវិទ្យល័យជាស៊ីមប្រឡាយ ក៏ដូចជាពលរដ្ឋឃុំប្រឡាយត្រូវចូលរួមថែរក្សា ការពារ ដើមឈើដែលបានដាំនៅថ្ងៃនេះ ឲ្យបានគង់វង្ស ជាពិសេសឲ្យក្លាយជាសួនបៃតង និងសាលារៀនស្រស់បំព្រងដោយរុក្ខជាតិ ជាទីមនោរម្យ តាមបែបធម្មជាតិនិងកែច្នៃ។

លើសពីនេះ លោកក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន ជាពិសេសតាមវត្តអារាម និងសាលារៀនត្រូវជួយបង្កើនវប្បធម៌ និងការដាំដើមឈើឲ្យបានច្រើន និងទូលំទូលាយនៅតាមស្ថាប័ន ឬអង្គភាពរបស់ខ្លួនផងដែរ៕