(ពោធិ៍សាត់)៖ សាលាមត្តេយ្យសហគមន៍ សាងសង់ជារោងដោល មានបណ្តោយ ១០ម៉ែត្រ ទទឹង ១០ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ស្ថិតនៅក្នុងភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ក្រោមការផ្តួចផ្តើមឡើងដោយលោកស្រី ឯម ប៉ុណ្ណា សមាជិការរដ្ឋសភា និង ជាសមាជិការប្រតិបត្តិ និង លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស រួមជាមួយសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ត្រូវបានធ្វើពិធីប្រគល់ និង ទទួល នាថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៦ ។
លោក សៅ ដារឿន អភិបាលស្រុកបាកាន បានឲ្យដឹងថា សាលាមត្តេយ្យសហគមន៍ភូមិផ្សារអណ្តែតនេះ គឺអ្នកភូមិបានរួមគ្នាបង្កើតឡើង និង បង្រៀននៅក្រោមផ្ទះរបស់លោកអ៊ុ ជុំ ជន តែងតែជួបការលំបាក់គ្រប់បែបយ៉ាងក្នុងការបង្រៀន និង រៀន ។
ស្ថិតក្នុងស្ថានភាពបែបនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដែលមានលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និង លោកស្រី ឯម ប៉ុណ្ណា រួមជាមួយនឹងសមាជិកា បានចូលរួមជាថវិកា ផ្តួចផ្តើមកសាងសាលាមត្តេយ្យនេះឡើង នៅលើដីមួយកន្លែងជាការបរិច្ចាក របស់លោកអ៊ុ ជុំ ជន មានបណ្តោយ ១០ម៉ែត្រ និង ទទឹង ១០ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្ក័សី មានលក្ខណៈជារោងដោលសម្រាប់ឲ្យក្មួយៗ មានកន្លែងរៀនសូត្រ ព្រោះថាមត្តេយ្យសហគមន៍ផ្សារអណ្តែតនេះ នៅឆ្ងាយពីសាលារដ្ឋ ជាង២គីឡូម៉ែត្រ ពិបាកក្នុងការធ្វើដំណើរពិសេសឆ្លងកាត់ផ្លូវជាតិលេខ ៥ផង ។
លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និង លោកស្រី ឯម ប៉ុណ្ណា បានថ្លែងថា មត្តេយ្យសហគមន៍ផ្សារអណ្តែត ឃុំអូរតាប៉ោង ដែលបានធ្វើពិធីប្រគល់ និង ទទួលនៅពេលនេះ គឺជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជ ដ៏មានសារៈសំខាន់បំផុត ក្នុងការកសាងនូវធនធានមនុស្ស និង បានជួយសម្រាលបន្ទុកទៅដល់មាតា និង អាណាព្យាបាលសិស្ស ដែលកំពុងមមាញឹកមុខរបរទទួលទានប្រចាំថ្ងៃ ។
លោកស្រីបានថ្លែងថា វិស័យអប់រំគឺជាវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍន៍នូវធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ មានសីលធម៌ សុជីវធម៌ចាប់ពីកុមារនេះទៅ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំ យុវជន និង កីឡា គឺអប់រំសម្រាប់យើងទាំងអស់គ្នា គឺសម្តៅធ្វើយ៉ាងណាឲ្យមានសមធម៌ក្នុងការទទួលបាននូវសេវាអប់រំគ្រប់កម្រិត និង មានគុណភាព ។
លោកស្រីបានលើកទៀតថា យុទ្ធសាស្រ្ត ស្តីពីជម្រុញការអប់រំស្រ្តី និង ក្មេងស្រី គឺជាបញ្ហាសំខាន់ និង ចាំបាច់ ដើម្បីឈានទៅរកភាពជោគជ័យ ផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រីទៅថ្ងៃអនាគត និង កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សស្រី បណ្តាលមកពីខ្វះការយល់ដឹងរបស់មាតាបិតាអណាព្យាបាល ។
នៅក្នុងឱកាសនោះ លោកស្រីបានអំពាវនាវទៅដល់មាតាបិតា និង អាណាព្យាបាលសិស្សទាំងអស់ ជម្រុញគាំទ្រសាលាមត្តេយ្យសហគមន៍ បានច្រើនកន្លែង និង បញ្ជួនកូនដែលមានអាយុក្រោម ៥ឆ្នាំ មកចូលរៀន អ្នកគ្រូគប្បីខិតខំបង្រៀនសិស្ស ជាគុណប្រយោជន៍សម្រាប់កុមារជំនាន់ ក្រោយៗទទួលបានការអប់រំគ្រប់ៗគ្នា ក្លាយទៅជាពលរដ្ឋ ដែលមានការអប់រំ និង ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេស និង រួមគ្នាអភិវឌ្ឍន៍សង្គមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ។
សូមបញ្ជាក់ថា សាលាមត្តេយ្យសហគមន៍ដែលបានធ្វើពិធីប្រគល់ និង ទទួលនេះ ទាំងការចំណាយលើការសាងសង់រោងដោល ចាក់ដីបំពេញទីធ្លា ចាក់សាប ចែកជូនសារុងម្នាក់១ ដល់អ្នកចូលរួម ២០០នាក់ និង ចែកសម្ភារសិក្សាដល់សិស្សមត្តេយ្យ ៣០នាក់ សរុបអស់ថវិកា ២០០០ដុល្លារអាមេរិក ៕