(អ៉ីរ៉ាក់)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៉ីរ៉ាក់ លោក Mohammed Ghabban នៅថ្ងៃអង្គារនេះ បានប្រកាស លាលែងពីតំណែង បន្ទាប់ពីមានករណីវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយកន្លែងក្នុងទីក្រុងបាដាដ បណ្ដាលឲ្យមនុស្សស្លាប់ជាង ២០០នាក់ និងរបួសរាប់រយនាក់ ដែលជាទង្វើរបស់ក្រុម ISIS។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកក្កដា។
លោក Ghabban បានបញ្ជាក់ថា លោកបានដាក់ពាក្យស្នើសុំពាក្យតួនាទី ទៅកាន់ការិយាល័យលោកនាយករដ្ឋមន្ត្រី Haider al-Abadi រួចរាល់ហើយ ដោយរងចាំតែការសម្រេជាចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ នេះជាភាពទទួលខុសត្រូវមួយដែលមន្ត្រីគ្រប់រូបគួរតែយកគំរូតាម។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី០៣ ខែកក្កដាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយដែលមានចរាចរណ៍ដ៏មមាញឹក ស្រពពេលក្រុមគ្រួសារម៉ូស្លីមជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញទំនិញនៅផ្សារ ខណៈដែលបុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ ដោយបានសម្លាប់មនុស្ស ២១៥នាក់ និងរបួសជាច្រើននាក់៕