(ភ្នំពេញ)៖ ដោយមើលឃើញពីវិសាលភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមម្លប់សន្តិភាព របស់ប្រមុខរាជរដ្ឋាភិបាល និងដើម្បីរួមចំណែកគៀងគរអ្នកវិនិយោគអាមេរិក ឱ្យមកវិនិយោគនៅកម្ពុជា សហគ្រិនជាស្រ្តីវ័យក្មេងមួយរូប បានដឹកនាំក្រុមការងារ និងអ្នកជំនាញខាងផ្នែកវិស័យអចនទ្រព្យ ចូលរួមកិច្ចប្រជុំភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រទីផ្សារនៅរដ្ឋ Oregon សហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ឱ្យពលរដ្ឋអាមេរិក និងសហគ្រិននៅអាមេរិក បានដឹងពីសក្តានុពលវិស័យអចនទ្រព្យនៅកម្ពុជា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ អ្នកនាង ឆយ ហ្រ្វីដា សមាជិកសភាពាណិជ្ជកម្ម និងជាអគ្គនាយិកាក្រុមហ៊ុន Angel Realty ដែលជាក្រុមខាងផ្នែកវិស័យអចនទ្រព្យបានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាងបានដឹកនាំក្រុមការងារខាងផ្នែកអចនទ្រព្យជាច្រើនរូប ចូលរួមកិច្ចប្រជុំភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រទីផ្សារនៅរដ្ឋ Oregon សហរដ្ឋអាមេរិក ក្នុងគោលបំណង ដើម្បីបង្កើនចំណេះដឹងបន្ថែមលើផ្នែកវិស័យអចនទ្រព្យផង និងដើម្បីផ្សព្វផ្សាយពីសក្តានុពលអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា និងតំបន់មាត់សមុទ្រនៃទិសនារតីរបស់កម្ពុជា ឱ្យពលរដ្ឋអាមេរិកកាំង បានដឹងបន្ថែមទៀតផងដែរ។

បើតាមអ្នកនាង ឆយ ហ្រ្វីដា ក្នុងនាមជាសមាជិក CEO master club បានបញ្ជាក់ទៀត នៅកិច្ចប្រជុំភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រទីផ្សារនៅរដ្ឋ Oregon ក៏មានចូលរួមពីប្រជាពលរដ្ឋអាមេរិកកាំង និងវិនិយោគិនមកពីរដ្ឋ Texas, California, Houston & Portland ដែលស្គាល់កម្ពុជា និងខ្លះមិនទាន់ស្គាល់ថាកម្ពុជាជាច្រើនរូបផងដែរ។

អ្នកនាងបានឱ្យដឹងទៀតថា កាលពីពេលថ្មីៗកន្លងទៅនេះ និងក្រោយអ្នកនាង បានទៅធ្វើការផ្សព្វផ្សាយពីសក្តានុពល ពីវិស័យអចនទ្រព្យរបស់កម្ពុជារួចហើយនោះ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន ដូចជា Developer, Banking និងមេធាវីប្រចាំរដ្ឋ California បានចាប់អារម្មណ៍ បានមកទស្សនកិច្ចនិងសិក្សាលំអិតពីកម្ពុជា ហើយពួកគេក៏មានការពេញចិត្តក្នុងការដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងតំបន់សមុទ្ររបស់កម្ពុជាតាមរយៈក្រុមហ៊ុនរបស់អ្នកនាងគឺ Angel Realty។

អ្នកនាង ឆយ ហ្រ្វីដា បានបន្ថែមទៀតថា ក្នុងនាមជាស្រ្តីអ្នកជំនាញចលនទ្រព្យមួយរូប នាពេលខាងមុខទៀតនេះ អ្នកនាងមានគម្រោងបន្តចុះធ្វើការជួយផ្សព្វផ្សាយពីសក្តានុពលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដល់បណ្តាវិនិយោគិន នៅប៉ែកខាងអឺរ៉ុប និងរដ្ឋដ៏ទៃទៀតក្នុងសហរដ្ឋអាមេរិកផងដែរ។ ក្នុងនោះដើម្បីជាការចូលរួមជួយលើកកម្ពស់ ដល់សហគ្រិនជាស្ត្រីក្នុងវិស័យអចលនទ្រព្យ អ្នកនាងក៏បានអំពាវនាវដល់សហគ្រិនជាស្ត្រីក្នុងវិស័យ១នេះ រួមទាំងអ្នកនាងផ្ទាល់ រួមគ្នាចូលរួមប្តេជ្ញាជួយគៀងគរវិនិយោគិនបន្ថែមទៀតពីក្រៅប្រទេស មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់សេវាកម្មច្បាស់លាស់ប្រកបដោយវិជ្ជាជីវះការងារផងដែរ៕