(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបង្កើត គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំក្រុមការងារទេសចរណ៍មេគង្គលើកទី៥១ (51st Great Mekong Sub-region Tourism Working Group) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដើម្បីត្រៀមលក្ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ (Rethink Resilience and Digitalization)។

គណៈកម្មការអន្តរក្រសួងនេះគឺមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាអនុប្រធាន និងមានសមាសភាពជាអនុប្រធាន និងសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន១៣រូប ដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកម្មវិធីខាងលើឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

តាមរយៈសេចក្តីសម្រេចខាងលើ រាជរដ្ឋាភិបាលក៏បានចាត់តាំងលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលកម្មវិធីខាងលើផងដែរ។

សូមបញ្ជាក់ថា វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ។

លោកបានបង្ហាញពីរបៀបវារៈសំខាន់ៗក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដោយបានគ្រោងរៀបចំជាបទបង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមាន៖ ១.ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ (Rethinking Tourism- A Pathway for Building Back Better and Stronger) និង២.គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ (Rethinking Food System- A Lever to Protect the Planet)។ ក្រៅពីនេះកម្មវិធីមានរៀបចំកិច្ចពិភាក្សា (Panelist Discussion) ចំនួន៣ រួមមាន៖ ១.ទេសចរណ៍វៃឆ្លាត និងគោលដៅទេសចរណ៍វៃឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) ២.គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង៣.ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិនិងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា៕