(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម និងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ថ្លែងបើកកិច្ចប្រជុំក្នុងកម្មពិធី លោក គួច ចំរើន បញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងក្នុងន័យផ្តោតសំខាន់លើការពង្រឹង និង លើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ រួមមាន៖

* ទី១៖ ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា
* ទី២៖ គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី
* ទី៣៖ ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍។

លោកបញ្ជាក់ថា «ក្នុងព្រឹត្តិការណ៍នេះដែរ យើងត្រូវត្រៀមឱ្យបានរួចរាល់ដូចជា ចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់សំដៅនាធាដល់សុខសុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីបង្ហាញគោលដៅទាក់ទាញទេសចរណ៍លើគោក មកទស្សនានឹងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រដើម្បីជំរុញការផ្សព្វផ្សាយផលិតផលទេសចរណ៍នៅដែនកោះ ក្នុងឋានៈជាម្ចាស់ផ្ទះស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ ខេត្តព្រះសីហនុផងដែរ។ ខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំនួន ៣ប្រភេទ គឺកីឡាទូកក្ដោង កីឡាប៉ូតូទឹក និង បាល់ទះឆ្នេរខ្សាច់»

លោក គួច ចំរើន បញ្ជាក់បន្តថា យើងត្រូវធ្វើការទទួលខុសត្រូវបែងចែកតួនាទី ភារកិច្ចការធ្វើជាម្ចាស់ផ្ទះ និងពិនិត្យទីតាំង នៃការប្រកួតឱ្យបានសមស្របហើយអ្នកដែល មានការពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយ ចែករំលែក និងការចូលរួមគាំទ្រឱ្យបានពេញលេញឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីប្រែក្លាយជាសកម្មភាពដែលជាមោទនភាពរបស់ខេត្តយើងទាំងអស់គ្នា។

បើតាមលោកអភិបាលខេត្ត វាចាំបាច់ណាស់ចំពោះការទទួលខុសត្រូវ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ត្រូវចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅតាមមូលដ្ឋាន ដោយធ្វើការបែងចែកមន្ត្រី និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមកែលម្អសោភណ្ឌភាពនៅតាមមុខផ្ទះ យើងត្រូវចាប់យកឱកាស បង្កើតវប្បធម៌ស្នាមញញឹម ជម្រុញឱ្យអ្នកលក់ដូរត្រូវដាក់ស្លាកតម្លៃ ព្រមទាំងលើកទឹកចិត្តអ្នកដែលបានចូលរួមតាមការណែនាំ របស់អាជ្ញាធរ នេះជាការគាំទ្រសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ និងស៉ីហ្គេមនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសនោះ អភិបាលខេត្ត បានធ្វើកាណែនាំឱ្យសាលាក្រុង មន្ទីរទេសចរណ៍ និងបរិស្ថានគ្រប់គ្រងតាមបណ្តោយឆ្នេរមានភាព ស្រស់ស្អាត ប្រកបដោយសោភណ្ឌភាព បរិស្ថានកាន់តែល្អ ដើម្បីត្រៀមរៀបចំបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរៀបចំស៉ីហ្គេមនៅខេត្តព្រះសីហនុនាពេលខាងមុខ៕