(ភ្នំពេញ)៖ សហគ្រិនវ័យក្មេងឆ្នើមទាំង១២រូប ត្រូវបានរកឃើញហើយ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ និងជាម្ចាស់គ្រប់ គ្រងក្រុមហ៊ុន និងអាជីវកម្មដ៏ល្បីនៅកម្ពុជា ដែលត្រូវឡើងទៅដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅចុងខែកក្កដាខាងមុខនេះ ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្ដរជាតិ កម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ។
សហគ្រិនភាពវ័យក្មេងឆ្នើមមួយរូបក្នុងចំណោម១២រូប បានលើកឡើងថា «រូបខ្ញុំពិតជាសប្បាយនិងរំភើបចិត្ដយ៉ាងខ្លាំង រកតែពាក្យអ្វីផ្ទឹមពុំបានឡើយ ដែលធ្វើឲ្យខ្ញុំនឹក ស្មានមិនដល់សោះថា ខ្ញុំអាចមានវត្ដមានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្ដទៅវគ្គផ្ដាច់ព្រ័ត្រ នៅចុងខែកក្កដានេះ ព្រោះឆ្លងពីមួយវគ្គទៅមួយវគ្គ ពិតជាពិបាក ណាស់ ដែលចំាបាច់បំផុត ត្រូវមានទាំងចំណេះដឹង សមត្ថភាពពិតប្រាកដ ដែលអបជាមួយនឹងបទពិសោធគ្រប់គ្រង អាជីវកម្មមួយដែលស្របច្បាប់ យ៉ាងតិចណាស់ ពីរឆ្នាំ ពិសេសក្នុងនោះក៏មានការធ្វើបទបង្ហាញ ដោយប្រើភាពវ័យឆ្លាតផងដែរ ដើម្បីឆ្លងផុតពីវគ្គនីមួយៗ»។
ទន្ទឹមនឹងនោះលោកស្រី ប៉ោ ជូ ប្រធានគម្រោង និងជាប្រធានទទួលបន្ទុក ផ្នែកពាណិជ្ជកម្ម របស់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាមេគង្គ ឆ្នាំ២០១៦ បានថ្លែងក្នុងពិធីប្រកាសសហគ្រិនវ័យក្មេងឆ្នើមទាំង១២ រូប នៅ សណ្ឋាគារភ្នំពេញថា ពិតណាស់សហគ្រិនម្នាក់ៗ ទម្រាំមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រក្នុងពេលខាងមុខនេះ ពិតជាពិបាកណាស់ ព្រោះថា ដំណាក់នីមួយៗ ត្រូវជ្រើសរើសយ៉ាងពិសេសតែម្ដង លុះត្រាតែសមស្របទៅតាមលក្ខខណ្ឌទាំងប្រាំចំណុច គឺអាយុចាប់ពី១៨ ដល់៤៥ឆ្នាំ ដែលជាម្ចាស់អាជីវកម្មមួយ ដែលត្រូវបានបង្កើតដំបូងនៅកម្ពុជា និងមានភាគហ៊ុនយ៉ាងតិច៥១ភាគរយគ្រប់គ្រងដោយជនជាតិខ្មែរ , អាជីវកម្មត្រូវចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ និងមានដំណើរការយ៉ាងតិច២ឆ្នាំ, អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច៥នាក់, សហគ្រិន/អាជីវកម្មមិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើស និងក្រុមអ្នករៀបចំកម្មវិធី, មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្តឱ្យចូលរួម ក្នុងការដាក់ពាក្យផងដែរ និងដំណាក់ផ្សេងជាច្រើនទៀត។
លោកស្រីបន្ដថា «សម្រាប់ដំណាក់កាលទៅវគ្គផ្ដាច់ព្រ័ត្រ គឺសហគ្រិនវ័យក្មេងឆ្នើមទាំង១២រូប ត្រូវធ្វើបទបង្ហាញដោយប្រើភាពវ័យឆ្លាត ក្នុងរយៈពេលដ៏ខ្លី ដល់គណៈ កម្មការ រួមទាំងដំណាក់កាលជាច្រើនផ្សេងទៀត ដើម្បីបង្ហាញពីសមត្ថភាព គ្រប់បែបយ៉ាងស្ទាត់ជំនាញ និងប៉ិនប្រសព្វរបស់បុគ្គលនីមួយៗ នូវចំណុចខ្លាំងរបស់ខ្លួន ដោយភាពសុក្រិតយុត្ដិធម៌ យ៉ាងពិតប្រាក ហើយយើងនឹងមានការបោះឆ្នោត ដែលយើងឲ្យពិន្ទុ៥% ទៅលើការបោះឆ្នោត តាមប្រព័ន្ធសង្គមហេ្វសប៊ុក (Facebook) របស់យើង គឺ Cambodain Yong Entrepreneur Awards អីចឹងសហគ្រិនទាំងអស់ត្រូវតែខិតខំប្រឹងប្រែង ធ្វើយ៉ាងម៉េចឲ្យមានការពេញចិត្ដ (Like) ពីបងប្អូននៅក្នុង Facebook ហើយ១៥% ទៅលើការធ្វើបទបង្ហាញរបស់ពួកគាត់ ហើយនឹងយើងជ្រើសយកតែ៤រូបប៉ុណ្ណោះ ដែលពានរង្វាន់៤ រួមមានពានរង្វាន់សហគ្រិនឆ្នើមប្រចំាំឆ្នាំ២០១៦ ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម ពានរង្វាន់សហគ្រិនឆ្នើមស្ដ្រី និងពានរង្វាន់សហគ្រិនវ័យឆ្លាតផ្នែកបច្ចេកវិទ្យា»។
លោកស្រីបន្ថែមទៀតថា សហគ្រិនដែលជាប់ នៅក្នុងវគ្គជម្រុះទាំង១២រូបនេះ នឹងមានឱកាសបានផ្សព្វផ្សាយអំពី មុខរបរ ភាពជោគជ័យ នៅលើអាជីវកម្មរបស់ខ្លួន ទៅកាន់បណ្ដាសហគ្រិន និង សាធារណៈជនទូទៅ តាមរយៈវេទិកាថ្នាក់ជាតិនានា និងនៅតាមបណ្ដាញសង្គមផងដែរ មិនត្រឹមតែប៉ុណ្ណោះសហគ្រិននឹងអាចបង្កើននូវទំនុកចិត្ដ ក្នុងនាមជាម្ចាស់អាជីវកម្ម វ័យក្មេងមួយរូបក្នុងកិច្ចខិតខំប្រឹងប្រែងលើកស្ទួយវិស័យសេដ្ឋកិច្ចនៅកម្ពុជា។
គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ នៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ហើយកម្មវធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមានឱកាសចូលរួម បង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ មិនតែប៉ុណ្ណោះ ការប្រកួតប្រជែងនេះ ក៏លើកកម្ពស់ឱ្យសហគ្រិនកម្ពុជា ត្រៀមខ្លួនក្នុងការដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត សហគ្រិននឹងទទួលបានឧត្តមភាព នៅក្នុងការស្វែងរកដៃគូអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
សហគ្រិនភាពវ័យក្មេងឆ្នើមទាំង១២រូប រួមមានដូចខាងក្រោម៖