(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងខេត្តកំពង់ធំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរភូមិ ឃុំស្រុក នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ធំ។

លោក អ៊ុន បុត្ត បានថ្លែងថា ដើម្បីឲ្យកិច្ចការងារលុបបំបាត់ជំងឺគ្រុនចាញ់នេះ ទទួលបានជោគជ័យស្របតាមផែនការរបស់រាជរដ្ឋាភិបាល គឺយើងត្រូវចូលរួមសាមគ្គីសហការទាំងអស់គ្នា ជាលក្ខណៈបែប សហគមន៍ ហើយអាជ្ញាធរត្រូវសហការជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន តាមរយៈការរំលេចនូវការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរចេញចូលក្នុងព្រៃញឹកញាប់ ត្រូវអប់រំឲ្យពួកគាត់ទាំងអស់គ្នាបានយល់ដឹងពីជំងឺគ្រុនចាញ់ ដែលជំងឺនេះឆ្លងតាមរយៈមូសដែកគោលញីខាំ និងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

លោកបានបន្តថា ដើម្បីការពារពីជំងឺនេះ យើងត្រូវសម្រាកនៅក្នុងមុងជ្រលក់ថ្នាំ ស្លៀកសំលៀកបំពាក់ឲ្យបានជិតៗ ត្រូវមានអនាម័យ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីការពារជៀសវាង កុំឲ្យមាននូវជម្រកសត្វមូសរស់នៅ។ ប្រសិនបើមានអាការៈមិនប្រក្រតីត្រូវប្រញាប់ទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។

លោក អ៊ុន បុត្ត បានជំរុញដល់ អាជ្ញាធរភូមិឃុំ ស្រុកត្រូវចូលរួមលើកទឹកចិត្តដល់ ក្រុមអ្នកស្ម័គ្រចិត្តព្យាបាលជំងឺនៅតាម ភូមិ ឃុំ តាមរយៈការឧបត្ថម្ភសម្ភារៈប្រើប្រាស់ បរិក្ខារវេជ្ជសាស្ត្រ និងថវិកាមួយចំនួន ពិសេសត្រូវធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយពីការការពារពីជំងឺគ្រុនចាញ់ ទៅកាន់ប្រជាពលរដ្ឋឲ្យទទួលបានការយល់ដឹង កាន់តែច្រើនបន្ថែមទៀត នៅគ្រប់មូលដ្ឋានរបស់ខ្លួន៕