Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើការណែនាំដល់អ្នកបើកបរលើកំណាត់ផ្លូវជាតិលេខ៤ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

16-03-2023 16:30

(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានបន្តចុះអនុវត្តរឹងបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយត្រួតពិនិត្យជាតិស្រវឹង, ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ, ល្បឿន ពិនិត្យរកសារធាតុញៀន លើអ្នកបើកបរ និងបើកបរបញ្ចាសើទិស។

ការចុះអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងតាមការចង្អុលបង្ហាញណែនាំពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមានការដឹកនាំបញ្ជារផ្ទាល់ពីលោក វ៉ែន រ៉ាវឿន ស្នងការរងនគរបាលខេត្តព្រះសីហនុ។ ការអនុវត្តនេះធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ តម្រង់ចំណុចបង្គោលគីឡូលេខ២២០ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុ ដោយសារកត្តាខាងលើ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ធ្លាប់បានបញ្ជាក់ថា យុទ្ធនាការនេះ គឺធ្វើយ៉ាងណាបង្កើនការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដើម្បីឲ្យអ្នកបើកបរទាំងនោះគោរពច្បាប់ ជាពិសេសគោរពដល់អាយុវជីវិតខ្លួនឯង និងអ្នកធ្វើដំណើរតាមដងផ្លូវទាំងឡាយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមស្នងការ គឺយើងបានចុះឆ្មក ដើម្បីធ្វើការត្រួតពិនិត្យទៅលើច្បាប់ចរាចរណ៍ផ្លូវគោក ទាំងសារជាតិស្រវឹង ទាំងសារធាតុញៀន និងការបើកបរដោយខុច្បាប់»

លោកស្នងការបន្ដថា នេះគឺជាការរឹងបន្តឹងលើការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ហើយចាប់ពីថ្ងៃនេះទៅ គឺកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងធ្វើដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាឲ្យអ្នកបើកបរទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាពខ្ពស់៕