(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៦ នេះដើម្បីកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយបានកែសម្រួលរចនាសម្ព័ន្ធ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងការបង្កើតអគ្គនាយកដ្ឋានថ្មីមួយបន្ថែមទៀតឈ្មោះថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន។
ការកែសម្រួល រចនាសម្ព័ន្ធនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតក្នុងការពង្រឹង ប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទៅតាមភូមិសាស្ត្រនៃរបៀងអភិរក្សជីវៈចម្រុះ ការលើកស្ទួយជីវភាព រស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងការពង្រឹងទំនាក់ទំនងជាមួយប្រជាសហគមន៍មូលដ្ឋានឱ្យកាន់តែជិតស្និទ្ធ ក្នុងដំណើរអភិវឌ្ឍន៍សហគមន៍។
យោងតាមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដែលជាអគ្គនាយកដ្ឋានថ្មីរបស់ក្រសួងបរិស្ថាន មាននាយកដ្ឋានចំណុះចំនួន៤រួមមាន៖
១- នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
២- នាយកដ្ឋានជីវភាពសហគមន៍
៣- នាយក ដ្ឋានតំបន់បេតិកភណ្ឌ
៤- នាយកដ្ឋានទេសចរណ៍ធម្មជាតិ។
មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងរចនាសម្ព័ន្ធនៃអគ្គនាយកដ្ឋានថ្មីនេះមាន នាយកដ្ឋានចំនួន ៣ ត្រូវបានបំបែកចេញពីនាយកដ្ឋានរដ្ឋបាលការពារ និងអភិ រក្សធម្មជាតិ ហើយនាយកដ្ឋានថ្មីចំនួនមួយត្រូវបានបង្កើតគឺនាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ។
ដោយឡែកអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិដែលពីមុនមាន ៨ នាយកដ្ឋានត្រូវបានកែសម្រួលឱ្យមកនៅត្រឹម៧នាយកដ្ឋានវិញរួមមាន៖
១- នាយករដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
២- នាយកដ្ឋាន អភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងកើតទន្លេមេគង្គ
៣- នាយកដ្ឋាន អភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងជើងបឹងទន្លេសាប
៤- នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប
៥- នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប
៦- នាយកដ្ឋានអភិរក្សសមុទ្រនិងតំបន់ឆ្នេរ
៧- នាយកដ្ឋានអធិការកិច្ច និងការពង្រឹងការអនុវត្តច្បាប់។
នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក កាលពីមុនរបស់អគ្គនាយកដ្ឋាននេះត្រូវបានបែងចែកជា ៣ គឺ១- នាយកដ្ឋាន អភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងកើតទន្លេមេគង្គ, ២- នាយកដ្ឋាន អភិរក្សតំបន់ការពារធម្មជាតិដីគោកខាង ជើងបឹងទន្លេសាប, ៣- នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប។
សូមបញ្ជាក់ថានាពេលថ្មីៗនេះ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការកែសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងបរិស្ថាន និងក្រសួងរុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធនឹងសមត្ថកិច្ច និងការគ្រប់គ្រងតំបន់ វិនិយោគអភិវឌ្ឍន័សម្បទានដីសេដ្ឋកិច្ច និងការគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើតាមរយៈ ការផ្ទេរព្រៃការពារ តំបន់អភិរក្សព្រៃឈើ តំបន់ព្រៃផ្តល់ផល និងសម្បទានដីសេដ្ឋកិច្ចរវាងក្រសួងទាំងពីរ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់ ការពារធម្មជាតចំនួន១៨ បន្ថែមទៀតក្នុងនោះមានព្រៃឡង់ផងដែរដែលមានផ្ទៃដី សរុបចំនួន ២ ៦៧៤ ៥០៣ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្ស បន្ថែមរបស់ក្រសួងបរិស្ថាន។ រួមបញ្ចូលទាំងតំបន់ការពារធម្មជាតិ ដែលក្រសួងបរិស្ថានមានស្រាប់តាំងពីឆ្នាំ១៩៩៣ មកចំនួន ២៣ ដែលមានផ្ទៃដីចំនួន ៣,២លានហិកតា ក្រសួងបរិស្ថានមានតំបន់ការពារធម្មជាតិចំនួន ៤១ ដែលមានផ្ទៃដីសរុបចំនួន ៥ ៨៧៤ ៥០៣ ហិកតា៕