(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ បានចាប់ជនជាតិថៃ៤នាក់ ករណីរំលោភ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ និងបានបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃនេះ ដើម្បីចាត់ការតាមនីតិច្បាប់។
ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ដោយយោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះអាយុ១៧ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះថា ជនសង្ស័យទាំង៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ ភីឡាផុន ឃុនដែងឌី (ម៉ៃ) អាយុ២១ឆ្នាំ
*ទី២៖ ឈ្មោះ ផានុផុង អ៉ីណក (អាម) អាយុ២១ឆ្នាំ
*ទី៣៖ ឈ្មោះ វ័រឡាវុធ កិណតាន់ (អូដ) អាយុ២០ឆ្នាំ
*ទី៤៖ ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត (អើត) អាយុ២១ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តថា ក្រោយទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ, កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចបន្ទប់ស្នាក់ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៤នាក់ បានឆ្លើយថា ពួកគេពិតបានរំលោភនារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ចូនមកកាន់កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ៕