(ភ្នំពេញ)៖ គម្រោងស្វីសខន់ថាក់ បានជួយលើកកម្ពស់ ភាពជាសហគ្រិនរបស់គ្រឹះស្ថាន និងសហគ្រាសនៅកម្ពុជា តាមរយៈការផ្តល់ជំនាញបច្ចេកទេសដោយស្ម័គ្រចិត្ត ហើយជឿជាក់ថា ការចូលរួមពីវិស័យឯកជន ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យប្រសើរឡើង នូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅប្រទេសកម្ពុជា។

ដូច្នេះហើយទើប ស្វីសខន់ថាក់ បានរៀបចំពិធីថ្លែងអំណរគុណ ទៅដល់ដៃគូទាំងអស់នៃគម្រោងក្រុមអ្នកជំនាញជាន់ខ្ពស់ (SEC) កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Raffles Le Royal។

លោក Rajiv Pradhan នាយកស្វីសខន់ថាក់ បានថ្លែងថា ការលើកកម្ពស់ភាពជាសហគ្រិន តាមរយៈការផ្តល់ជំនាញបច្ចេកទេសដោយស្ម័គ្រចិត្ត គឺជាការងារស្នូលនៃគម្រោង SEC របស់ស្វីសខន់ថាក់។

លោកថា គម្រោង SEC ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ដែលជាគម្រោងមួយរបស់ស្វីសខន់ថាក់។ ចាប់តាំងពីឆ្នាំ១៩៩៣មក គម្រោងទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ សព្វថ្ងៃ គម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍របស់ស្វីសខន់ថាក់ដែលសហការឧបត្ថម្ភដោយ SDC និងនាយកដ្ឋានកិច្ចការបរទេសនៃសហព័ន្ធស្វីស (FDFA)។ ជារៀងរាល់ឆ្នាំ សហគ្រាសធុនតូច និងមធ្យម និងស្ថាប័ននានាប្រមាណ១៤០ទទួលបានអត្ថប្រយោជន៍ពីការងារប្រឹក្សាយោបល់ពីអ្នកជំនាញ។

លោកបន្តថា គម្រោង SEC ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៦។ រហូតមកដល់ពេលបច្ចុប្បន្ន អ្នកជំនាញជាង៤៦រូបបាន និងកំពុងផ្តល់ការគាំទ្របច្ចេកទេសដល់ក្រុមហ៊ុន សមាគម និងស្ថាប័នរដ្ឋាភិបាលចំនួន៣៨កន្លែង តាមរយៈការបំពេញបេសកកម្មចំនួន៥៦លើក។

សូមជម្រាបថា ស្វីសខន់ថាក់ (Swisscontact មូលនិធិស្វីសសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស) គឺជាអង្គការឯករាជ្យ និងមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងហ្សូរីច ប្រទេសស្វីស ដែលបានបង្កើតឡើង ក្នុងឆ្នាំ១៩៥៩ ដោយអង្គភាពឈានមុខពីវិស័យឯកជន និងបណ្តាសាកលវិទ្យាល័យនៃប្រទេសស្វីស។ បានចូលរួមទាំងស្រុងក្នុងការអភិវឌ្ឍអន្តរជាតិ ដែលមានវត្តមាននៅ៣៨ប្រទេស ជាមួយ១២០កម្មវិធី ដែលមានបុគ្គលិកសរុបជាង១,០១២នាក់៕