(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងផ្ទះជួលមួយ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ដែលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ព្រមទាំងបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ១កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត។
សមត្ថកិច្ចបានឱ្យដឹងថា ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលទើបចូលកាន់តំណែងនៅថ្ងៃនេះ និងបានដឹកនាំប្រតិបត្តិការចុះបង្ក្រាបសកម្មភាពគ្រឿងញៀននេះ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាមួយនឹងថ្នាំញៀន១កញ្ចប់ធំ និងបន្តស្វែងរកមេក្លោងបន្តទៀត ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ បច្ចុប្បន្នជនពាក់ព័ន្ធគ្រឿងញៀនខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕